ប៉េកាំង៖ អ្នកជំនាញនិងអ្នកសិក្សាអន្តរជាតិ បាននិយាយថា ដំណើរត្រួតពិនិត្យរបស់ ប្រធានាធិបតីចិនលោក ស៊ីជីនពីង ទៅកាន់ទីក្រុងវូហាន កាលពីថ្ងៃអង្គារបានបង្ហាញពីការយកចិត្តទុកដាក់របស់លោក ចំពោះសុខភាពនិងសុវត្ថិភាពរបស់ប្រជាជន និងបានធានាដល់ពិភពលោក នៃទំនុកចិត្តរបស់ចិន ចំពោះជ័យជំនះចុងក្រោយ លើមេរោគឆ្លងកូវីដ១៩។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអង្គារលោកស៊ី បានធ្វើដំណើរទៅទីក្រុងវូហានដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺ នៅភាគកណ្តាលប្រទេសចិន និងទីរួមខេត្តហ៊ូប៉ី សម្រាប់ការត្រួតពិនិត្យការងារបង្ការ និងគ្រប់គ្រងការរាតត្បាត។
លោក Andrey Ostrovsky នាយករងវិទ្យាស្ថានសិក្សាចុងបូព៌ានៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់លោកស៊ី ទៅកាន់វូហានបង្ហាញពីការទទួលខុសត្រូវរបស់មេដឹកនាំ និងបង្ហាញថា លោកយកចិត្តទុកដាក់ចំពោះប្រជាជនរបស់លោក។
លោក Ostrovsky ថា “ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់សម្រាប់ប្រជាជនចិន ជាពិសេសនៅក្នុងលក្ខខណ្ឌបច្ចុប្បន្ននៅពេលដែលមានការសាកល្បងបែបនេះមិនត្រឹមតែសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសមួយចំនួនទៀតផងដែរ” ។
ចំណែកលោក Diaa Helmy អគ្គលេខាធិការសភាពាណិជ្ជកម្មអេហ្ស៊ីប – ចិន ដែលមានមូលដ្ឋាននៅទីក្រុងគែរ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស៊ី គឺជាសារនៃការកោតសរសើរដល់ប្រជាជនដែលរស់នៅក្នុងទីក្រុងវូហានក្នុងកំឡុងពេលមានជំងឺរាតត្បាត។
លោកបាននិយាយថាវាក៏ឆ្លុះបញ្ចាំងពីសាមគ្គីភាពក្នុងចំណោមផ្នែកទាំងអស់នៃសង្គមចិនចាប់ពីមេដឹកនាំរហូតដល់ពលរដ្ឋ។
លោក Yu Hong អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានអាស៊ីបូព៌ានៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានមានប្រសាសន៍ថាដំណើរទស្សនកិច្ចអធិការកិច្ចរបស់លោកស៊ី ទៅកាន់វូហាន គឺជាការនាំមកនូវការគាំទ្រនិងការលើកទឹកចិត្តពីថ្នាក់ដឹកនាំកំពូលរបស់ចិន ទៅដល់ប្រជាជននៅក្នុងទីក្រុង៕ប្រែសម្រួលៈ ណៃ តុលា