ប៉េកាំង៖ អ្នកនាំពាក្យគណៈកម្មាធិការសុខភាព ជាតិចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កំរិតខ្ពស់បំផុតនៃការផ្ទុះឡើងនៃ ជំងឺឆ្លងមេរោគថ្មី (COVID-១៩) នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយឡែក នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte នៅល្ងាចថ្ងៃពុធ បានប្រកាសបិទរាល់ហាងលក់រាយ ហាងកាហ្វេ ហាងស្រាភោជនីយដ្ឋាន ហាងកាត់សក់ និងហាងកែសម្ផស្ស ហើយបានអំពាវនាវឱ្យវិស័យឯកជន អនុញ្ញាតឱ្យនិយោជិកឈប់សម្រាកឬធ្វើការពីផ្ទះ តាមដែលអាចធ្វើទៅបាន។
វិធានការថ្មីតឹងរឹងនេះមានគោលបំណង ទប់ស្កាត់ការរីករាលដាល នៃការឆ្លងរាលដាលនៃវីរុសនេះ ដែលរហូតមកដល់ពេលនេះ បានឆ្លងដល់មនុស្សជាង ១ ម៉ឺននាក់ និងបានសម្លាប់មនុស្សជាង ៨០០ នាក់នៅក្នុងប្រទេសអ៊ីតាលី ចាប់តាំងពីវាបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសកាលពីថ្ងៃទី ២១ ខែកុម្ភៈ។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការលើកលែងចំពោះការបិទ គឺមានតែផ្សារទំនើប ឱសថស្ថាន សេវាដឹកជញ្ជូនសាធារណៈ ការិយាល័យប្រៃសណីយ៍ធនាគារ កសិដ្ឋាន និងឧស្សាហកម្មផលិតកម្មម្ហូបអាហារ ដែលត្រូវរក្សាដំណើរការដើម្បីធានាសេវាកម្មមូលដ្ឋានដល់សាធារណជន។
វិធានការថ្មីនេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាល បានបិទប្រទេសទាំងមូល កាលពីថ្ងៃអង្គារ ដោយមានប្រជាជន ៦០ លាននាក់ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះរបស់ ពួកគេដោយហេតុផលចាំបាច់៕ ប្រែសម្រួលៈ ណៃ តុលា