ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ អះអាងថា នឹង​បង្កើន​សម្ពាធ​កាន់តែខ្លាំង លើ​ក្រុម​ហាម៉ាស់

ប្រភព ៖ AFP

យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យ បានសន្យាថា នឹងបង្កើនការបង្រ្កាប ដោយយោធាលើក្រុមហាម៉ាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសុន្ទរកថាជាវីដេអូ លោក ណេតាន់យ៉ាហ៊ូ បានគំរាមកំហែងសកម្មភាព “នៅប៉ុន្មានថ្ងៃខាងមុខនេះ” ដោយមិនបានបញ្ជាក់លម្អិតអំពីពេលវេលា និងទីកន្លែងនោះទេ ។

នៅក្នុងនោះដែរលោក បានលើកឡើងថា “យើងនឹងវាយវាជាមួយនឹងការវាយប្រហារ ដ៏ឈឺចាប់បន្ថែមទៀត ហើយវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ”។

លោកបានបន្ដថា “នៅប៉ុន្មានថ្ងៃខាងមុខ អ៊ីស្រាអែល នឹងបង្កើន សម្ពាធផ្នែកយោធា និងការទូតលើក្រុមហាម៉ាស់ ព្រោះនេះជាមធ្យោបាយតែមួយគត់ ក្នុងការដោះលែងចំណាប់ខ្មាំង របស់យើង និងសម្រេចបាននូវជ័យ ជម្នះរបស់យើង”។

លោក ណេតាន់យ៉ាហ៊ូ ធ្លាប់បាននិយាយកាលពីមុនថា យោធាអ៊ីស្រាអែល នឹងចាប់ផ្តើមការវាយលុកថ្មើរជើង នៅទីក្រុងរ៉ាហ្វា បើទោះបីជាមានការអំពាវនាវ អន្តរជាតិឱ្យបដិសេធ ពីសកម្មភាពបែបនេះ ដោយសារតែការរំពឹងទុកថា វានឹងជាក់លាក់ សម្រាប់ជនស៊ីវិលជាង ១លាននាក់ ដែលកំពុងស្វែងរកទីជម្រក នៅក្នុងទីក្រុងភាគខាងត្បូង របស់តំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top