ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន សាទរចំពោះកិច្ចខិតខំប្រឹងប្រែង របស់អេហ្ស៊ីប និងកាតា សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប និងកាតា ក្នុងការសម្រុះសម្រួលកិច្ចព្រមព្រៀង បទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សាស្រ្ទីប ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន (WAFA) លោក Abbas បានសម្តែងក្តីសង្ឃឹម ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលចំពោះ “បទឈប់បាញ់ និងការដកខ្លួនទាំងស្រុងចេញពីតំបន់ហ្គាហ្សាស្ទ្រីប” ។

លោក Abbas បានជំរុញសហគមន៍អន្តរជាតិឱ្យដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យយល់ព្រមលើបទឈប់បាញ់ និងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន។

ក្រុមហាម៉ាស់បានប្រកាសថា ខ្លួនបានជូនដំណឹង ដល់អ្នកសម្រុះសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងកាតាថា ខ្លួនបានយល់ព្រមលើសំណើបទ ឈប់បាញ់សម្រាប់តំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមហាម៉ាស់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Ismail Haniyeh ប្រធានការិយាល័យនយោបាយ របស់ក្រុមហាម៉ាស់ បានធ្វើការហៅទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani និងប្រធានស៊ើបការណ៍អេហ្ស៊ីប Abbas Kamel ដោយឡែកពីគ្នា ដើម្បីជូនដំណឹងដល់ពួកគេ អំពីការសម្រេចចិត្តនេះ។

ការប្រកាស របស់ក្រុមហាម៉ាស បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានទាមទារឱ្យប្រជាជនប្រហែល ១០ម៉ឺមនាក់ នៅតំបន់ភាគខាងកើត នៃទីក្រុងរ៉ាហ្វា ភាគខាងត្បូងហ្គាហ្សាជម្លៀស ទៅកាន់តំបន់ Al-Mawasi ភាគនិរតីនៃតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រែសម្រួល ឈូក បូរ៉ា

To Top