ព័ត៌មានអន្តរជាតិ

កងកម្លាំងរបស់ម៉ារ៉ុក ជួយសង្គ្រោះអាយុជីវិត ជនភៀសខ្លួនបានចំនួន ៣៨នាក់ នៅដែនសមុទ្រអាត្លង់ទិក

រ៉ាបាត៖ ទីភ្នាក់ងារសារព័ត៌មាន MAP បានដកស្រង់សេចក្តីថ្លែងការណ៍ របស់កងកម្លាំងប្រដាប់អាវុធម៉ារ៉ុក ដែលបានលើកឡើងថា កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពជើងទឹករបស់ប្រទេសម៉ារ៉ុក បានជួយសង្គ្រោះជនចំណាកស្រុក ចំនួន៣៨នាក់ចេញពីទូកមួយគ្រឿង ចេញពីឆ្នេរសមុទ្រអាត្លង់ទិក ក្បែរកំពង់ផែ Tan-Tan ។

អង្គភាពកងទ័ពជើងទឹក របស់ប្រទេសម៉ារ៉ុក ទទួលបន្ទុកឃ្លាំមើលឆ្នេរសមុទ្រ បានស្ទាក់ចាប់ទូកបណ្ដោះអាសន្ន ដែលធ្វើដំណើរទៅកាន់កោះ Canary ដែលជាប្រជុំកោះអេស្ប៉ាញ នៅឯឆ្នេរសមុទ្រភាគពាយព្យនៃទ្វីបអាហ្រ្វិក ក្នុងអំឡុងពេលប្រតិបត្តិការមួយ ស្ថិតនៅចម្ងាយ៣៨គីឡូម៉ែត្រ នៅភាគឦសាននៃទីក្រុង Tan-Tan ។

ជនចំណាកស្រុកចំនួន ៣៦នាក់ មកពីអនុតំបន់នៃវាលខ្សាច់សាហារ៉ា និង០២នាក់ទៀតមកពីប្រទេសអាស៊ី ត្រូវបានប្រគល់ទៅឱ្យ កងរាជអាវុធហត្ថ សម្រាប់នីតិវិធីរដ្ឋបាលជាធម្មតា ក្រោយពីទទួលបានការថែទាំសង្គ្រោះបឋមរួច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top