ភ្នំពេញ៖ បណ្តាក្រុមហ៊ុនថ្មី នៃវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ (KIAF) ដែលមានក្រុមហ៊ុនប្រមាណ៤០ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគ លើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា ។
ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នារសៀលនេះលោក MARN Ki-jeong បានជម្រាប អំពីវឌ្ឍភាពរបស់វេទិកាសម្ព័ន្ធឧស្សាហ៍កម្ម ដោយបានបញ្ជាក់ថា វេទិកាសម្ព័ន្ធឧស្សាហកម្ម នៃប្រទេសកូរ៉េ មានក្រុមហ៊ុនប្រមាណជា៤០ ដែលបាននិងកំពុងវិនិយោគ លើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ហើយក៏នឹងមានក្រុមហ៊ុនមួយចំនួនបន្ថែមទៀត មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគ លើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។
បន្ថែមពីនេះ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ក៏បានជម្រាបជូនសម្ដេចធិបតីថា វេទិកាសម្ព័ន្ធឧស្សាហកម្ម គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយនឹងមានការចូលរួម ពីវិនិយោគិនកូរ៉េ លើវិស័យជាច្រើន ហើយវេទិកានេះ នឹងជាឱកាសសម្រាប់ការស្វែងឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការ ជាមួយដៃគូវិនិយោគនានា នៅកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់បណ្ដាក្រុមហ៊ុនផ្សេងទៀតនៃសម្ព័ន្ធឧស្សាហកម្ម ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី ក៏បានបញ្ជាក់ អំពីការដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិ គាំទ្រដល់ការវិនិយោគ តាមរយៈការធានា នូវបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែង ដូចជាការដាក់ឱ្យអនុវត្តច្បាប់ថ្មី ស្ដីពីវិនិយោគ ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀត ដល់ការវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្ត្រីថា រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវកម្មវិធីគោលនយោបាយអាទិភាព ដោយផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ ចំនួន១,៥លាននាក់ ដើម្បីបំពេញ និងឆ្លើយតបទៅនឹង តម្រូវការទីផ្សារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍ចំពោះការរៀបចំ វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅរាជធានី ភ្នំពេញ ក្នុងខែវិច្ឆិកាខាងមុខនេះ និងបានលើកទឹកចិត្តឱ្យវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តសហការជាមួយស្ថានទូតកម្ពុជា ប្រចាំនៅសាធារដ្ឋកូរ៉េ និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីរៀបចំវេទិកានេះ ឱ្យទទួលបានជោគជ័យផងដែរ៕