ព័ត៌មានអន្តរជាតិ

ប៉ូលិស​ម៉ាឡេស៊ី ពីរ​នាក់​បាន​ស្លាប់​ ដោយសារជន សង្ស័យ​មានទំនាក់​ទំនង ​នឹង​ក្រុម​អាល់កៃដា​ ចូលបាញ់សម្លាប់ដល់ក្នុងប៉ុស្តិ៍

VN Express

បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា មន្ត្រីប៉ូលិសពីរនាក់បានស្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងរដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃសុក្រ នៅពេលដែលពួកគេត្រូវបានវាយប្រហារដោយបុរសម្នាក់ដែលត្រូវបានគេសង្ស័យថា ជាសមាជិកនៃក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងនឹងអាល់កៃដា Jemaah Islamiah (JI) ។ JI គឺជា​ក្រុម​សកម្មប្រយុទ្ធ​ដែល​ស្វែងរក​ការបង្កើត​រដ្ឋ​អ៊ីស្លាម​នៅ​អាស៊ីអាគ្នេយ៍។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា អធិការប៉ូលិសម៉ាឡេស៊ី Razarudin Husain បាននិយាយថា ជនសង្ស័យបានចូលក្នុងប៉ុស្តិ៍ប៉ូលីសក្នុងទីក្រុង Ulu Tiram នៃ Johor ភ្លាមៗបន្ទាប់ពីម៉ោង ២ ទៀបភ្លឺ ដោយពាក់ម៉ាស់ និងប្រដាប់ដោយកាំបិត។

ប៉ូលិស​ម្នាក់​បាន​ចូលទៅ​ជិត ​ជនសង្ស័យ ដែល​បាន​សម្លាប់​មន្ត្រី​នោះ​ដោយ​កាំបិត ហើយ​ដកហូត​កាំភ្លើងខ្លី​។ លោក Razarudin បានប្រាប់សន្និសីទ សារព័ត៌មានតាមទូរទស្សន៍ថា ការបាញ់ប្រហារបានកើតមានឡើងដែលនាំឱ្យមន្ត្រីទីពីរស្លាប់ និងរបួសមន្រ្តីប៉ូលីសទីបី។

លោក Razarudin បាននិយាយបន្តថា ជនសង្ស័យក៏ត្រូវបានសម្លាប់នៅក្នុង ការបាញ់ប្រហារនោះផងដែរ។ លោក​បាន​បន្ត​ថា ជន​សង្ស័យ​ជា​កូន​ប្រុស​របស់​សមាជិក JI ដែល​គេ​ស្គាល់​ថា ​មិន​មាន​ប្រវត្តិ​ឧក្រិដ្ឋកម្ម​ពីមុន​មក​ទេ។

ប៉ូលីសបានចាប់ខ្លួនមនុស្ស ៧ នាក់ពាក់ព័ន្ធនឹងការវាយប្រហារនេះ រួមទាំងសមាជិក ៥ នាក់នៃគ្រួសាររបស់អ្នកវាយប្រហារផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top