បរទេស៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពីបានរួចផុតពីការប៉ុនប៉ងធ្វើឃាត។ នេះបើតាមលោក Robert Kalinak អនុប្រធានរបស់លោកបាននិយាយកាលពីថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Fico ត្រូវបានគេបាញ់ប្រហារកាលពីថ្ងៃពុធនៅកណ្តាលទីក្រុង Handlova នៃប្រទេសស្លូវ៉ាគី នៅពេលដែលលោកដើរចូលទៅជិតក្រុមអ្នកទស្សនា ហើយក៏មានមនុស្សម្នាក់បានដកកាំភ្លើងខ្លីមួយដើម ហើយបានបាញ់លើលោក Robert Fico ជាច្រើនគ្រាប់នៅចម្ងាយយ៉ាងជិត។ លោក Fico ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ហើយអ្នកវាយប្រហារត្រូវបានឃុំខ្លួននៅនឹងកន្លែង។
លោក Kalinak ដែលបម្រើការជារដ្ឋមន្ត្រីការពារជាតិផងដែរបានថ្លែងបែបនេះទៅកាន់ប៉ុស្តិ៍ព័ត៌មាន TA3 នៅខាងក្រៅមន្ទីរពេទ្យ Roosevelt ក្នុង Banska Bystrica ជាកន្លែងដែលលោក Fico កំពុងត្រូវបានព្យាបាល។ លោកនៅតែមានសុទិដ្ឋិនិយមចំពោះការជាឡើងវិញរបស់នាយករដ្ឋមន្ត្រី។
លោក Kalinak បាននិយាយថា៖ «គាត់ស្ថិតក្នុងស្ថានភាពមានស្ថិរភាព ប៉ុន្តែការបាញ់ប្រហារចំនួនបួនគ្រាប់បានបណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ថែមថា លោក Fico បានធ្វើការវះកាត់បន្ថែម ហើយវានៅតែអាចមានផលវិបាក។ លោកបញ្ជាក់ថា “ក្នុងករណីណាក៏ដោយ ស្ថានភាពរបស់គាត់គឺធ្ងន់ធ្ងរណាស់”៕
ប្រែសម្រួលៈ ណៃ តុលា