ភ្នំពេញ: គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)ប្រកាស មិនគាំទ្ររាល់ការផ្លាស់ប្តូរ-តាមរយៈរូបភាពហិង្សា-ពីព្រោះវាមិនមែនជាដំណើរការនៅក្នុងសង្គមប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋចង់បាន។
គបមប្រកាសបែបនេះ ស្របពេលដែលទណ្ឌិត សមរង្ស៊ី មេដឹកនាំក្រុមប្រឆាំងបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បះបោរប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី៩វិច្ឆិកាខាងមុខ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែមានការជឿជាក់ថា ការផ្លាស់ប្តូរ នៃការដឹកនាំបែបឯកបក្ស ទៅសេរីពហុបក្ស នៅតែអាចធ្វើបានតាមរយៈ នៃការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ដែលជាដំណើរដ៏ប្រសើរបំផុត ក្នុងសង្គមប្រជាធិបតេយ្យ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់គបមនៅរាត្រីថ្ងៃទី១ខែវិច្ឆិកានេះបានឲ្យដឹងបន្ថែមថា មួយវិញទៀតការផ្លាស់ប្តូរ ពីការដឹកនាំបែបឯកបក្សទៅ ពហុបក្ស នៅក្នុងសង្គមប្រជាធិបតេយ្យ គឺអាស្រ័យលើប្រជាពលរដ្ឋម្ចាស់ឆ្នោត ជាអ្នកសម្រេចចិត្ត។ បើពួកគាត់នាំគ្នាទៅបោះឆ្នោតយកឯកបក្ស នឹងបានឯកបក្ស តែបើពួកគាត់ទៅបោះឆ្នោតយកពហុបក្សនោះ នឹងបានពហុបក្ស។
ក្រោយការបោះឆ្នោត គណបក្សដែលទទួលបានសំឡេងភាគតិច ត្រូវផ្តល់តម្លៃឱ្យបក្ស ដែលទទួលបានសំឡេងភាគ ច្រើន ហើយគណបក្សទាំងពីរត្រូវចាប់ដៃគ្នា កសាងប្រទេសជាតិរួមគ្នា ដើម្បីវឌ្ឍនភាពសង្គមជាតិទាំងមូល។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺធ្វើនយោបាយ តាមគុណតម្លៃរបស់ខ្លួនមានសាមគ្គី យុត្តិធម៌ អហិង្សា៕