ភ្នំពេញ ៖ នាឱកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB បានលើកឡើងថា ADB បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងឱកាស នៃជំនួប លោកប្រធានធនាគារ ADB បានបង្ហាញជំនឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី កម្ពុជានឹង មានការ អភិវឌ្ឍរីកចម្រើនខ្លាំងក្លា បន្ថែមទៀត ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានធនាគារ ADB ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការដាក់ឱ្យ ដំណើរការជាផ្លូវការ នូវស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ ការណ៍នេះ បង្ហាញអំពីការប្តេជ្ញាចិត្ត កាន់តែរឹងមាំ ចំពោះភាពជាដៃគូដ៏រឹងមាំ រវាងធនាគារ ADB និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
បន្ថែមលើនេះ លោកប្រធានធនាគារ ADB ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាព ជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុច សំខាន់ចំនួន ៣ រួមមាន ៖ (១) វិបុលភាព តាមរយៈការធ្វើពិពិធកម្ម សេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ (២) ការវិនិយោគលើប្រជាជន ដោយផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង (៣) ការគាំទ្រសម្រាប់ភពផែនដី ដោយផ្តោតសំខាន់លើវិស័យបរិស្ថាន និងអាកាសធាតុ។
ជាការឆ្លើយតប សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ធនាគារ ADB ចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។
ទន្ទឹមនោះ សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីកែទម្រង់ជាច្រើន ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈកំណែទម្រង់លើវិស័យអប់រំ សុខាភិបាល ការកសាងមូលធនមនុស្ស និងវិស័យសំខាន់ៗមួយចំនួនទៀត។ ជាងនេះទៅទៀត សម្តេចធិបតី បានគូសបញ្ជាក់អំពីការជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីកសាងនូវកម្លាំងពលកម្ម ប្រកបដោយគុណភាព និងសមត្ថភាព តាមរយៈការបណ្តុះបណ្តាល និងបច្ចេកវិទ្យាទំនើបផងដែរ។
មុននឹងបញ្ចប់ សម្តេចធិបតី បានគូសរំលេចពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសម្តេចធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍន៍ថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការ ដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ៕