វ៉ាស៊ីនតោន៖ អង្គការណាតូ និងដៃគូឥណ្ឌូប៉ាស៊ីហ្វិកចំនួនបួនរបស់ខ្លួន គឺអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមនូវអ្វីដែលពួកគេហៅថា “គម្រោងលេចធ្លោ” នៅក្នុងវិស័យចំនួន៤ រួមទាំងការការពារតាមអ៊ីនធឺណិត និងការប្រឆាំងព័ត៌មានមិនពិត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ចំពោះមុខនៃបញ្ហាប្រឈម ផ្នែកសន្តិសុខកាន់តែស្មុគស្មាញ និងពាក់ព័ន្ធ។
គំនិតផ្តួចផ្តើមរួមគ្នាថ្មីពីរផ្សេងទៀត ដែលពួកគេបានព្រមព្រៀងគ្នាក្នុងអំឡុង កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការផ្តល់ជំនួយ ផ្នែកវេជ្ជសាស្រ្តដល់អ៊ុយក្រែន និងសហការលើបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិមិត្ត។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោកថា ទីក្រុងតូក្យូនឹងធ្វើការកាន់តែជិតស្និទ្ធ ជាមួយសមាជិកណាតូ និងប្រទេសទាំងបី ជាមួយនឹងប្រទេសដែលមិនមាន លទ្ធិប្រជាធិបតេយ្យដូចជាប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី ត្រូវបានគេមើលឃើញថាជាកត្តាអស្ថិរភាព ដ៏សំខាន់នៅក្នុងតំបន់អឺរ៉ុបអាត្លង់ទិក និងដៃគូឥណ្ឌូប៉ាស៊ីហ្វិកក្នុងតំបន់ផ្សេងទៀត។
នៅក្នុងសម័យប្រជុំមួយជាមួយអង្គការណាតូ និងដៃគូនានា លោក គីស៊ីដា បានអញ្ជើញពួកគេទាំងអស់ឱ្យ ជួបប្រជុំគ្នានៅប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីវិធានការប្រឆាំងនឹង ព័ត៌មានមិនពិតនៅក្នុងព្រឹត្តិការណ៍មួយ ដែលគ្រោងនឹងធ្វើឡើងនៅនិទាឃរដូវក្រោយ នេះបើយោងតាមមន្ត្រីជប៉ុន។
លោក គីស៊ីដា ត្រូវបានដកស្រង់សម្តីដោយមន្ត្រី ដែលបានប្រាប់អ្នកចូលរួមថា ប្រទេសជប៉ុន ប្តេជ្ញាពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ។
សេតវិមានបានឲ្យដឹងថា មេដឹកនាំណាតូ និងសមភាគីរបស់ពួកគេមកពីប្រទេសទាំងបួន បានពិភាក្សាអំពី “ការបង្កើនការតភ្ជាប់រវាង សន្តិសុខអឺរ៉ុប-អាត្លង់ទិក និងឥណ្ឌូប៉ាស៊ីហ្វិក” ហើយថាពួកគេបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” លើកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរបស់កូរ៉េខាងជើង ជាមួយរុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា