ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ រថភ្លើងដឹកអ្នកដំណើរជាង ៨០០នាក់ បុកជាមួយរថយន្តដឹកទំនិញ បណ្តាលអ្នកធ្លាក់ផ្លូវរបួសជាច្រើននាក់

RT NEWS

បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរ និងវីដេអូពីកន្លែងកើតហេតុបានឱ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយខ្សែ បានក្រឡាប់ធ្លាក់ចេញពីផ្លូវបន្ទាប់ពី បានបុកជាមួយរថយន្តដឹកទំនិញ មួយគ្រឿងនៅក្នុងតំបន់ Volgograd ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្បាលរថភ្លើងដឹកអ្នកដំណើរចំនួន ២០ទូ បានកំពុងធ្វើដំណើរពីទីក្រុង Kazan នៃសាធារណរដ្ឋ Tatarstan របស់ប្រទេសរុស្ស៊ីទៅកាន់ស្ថានីយ៍ Adler របស់ទីក្រុង Sochi នៅពេលដែលឧបទ្ទវហេតុបានកើតឡើង។ អភិបាលតំបន់ Volgograd លោក Andrey Bocharov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូរថភ្លើងចំនួន៩បានក្រឡាប់។ លោក​បាន​បន្ថែម​ថា អ្នក​ដំណើរ​ប្រហែល ៨១៣ នាក់​នៅ​លើ​រថភ្លើងនោះ។

យោងតាមតួលេខផ្លូវការ មនុស្សសរុបចំនួន ៣០ នាក់ រួមទាំងកុមារ ១២ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ជាង​មួយ​រយ​នាក់​ទៀត​ត្រូវ​បាន​គេ​និយាយ​ថា​ មាន​របួស​និង​ស្នាម​ជាំ និង មិន​ទាន់​មាន​របាយការណ៍​ ពី​ការ​ស្លាប់​ណា​មួយ​កើតឡើងទេ។

អ្នកបើកបរ​រថយន្ត​បាន​រួច​ជីវិត ប៉ុន្តែ​ត្រូវ​គេ​រាយការណ៍​ថា បាន​រងរបួស​ក្បាល និង​ជើង​យ៉ាងធ្ងន់ធ្ងរ​។

ផ្នែកផ្លូវដែករុស្ស៊ីបានអះអាងថា អ្នកបើកបររថយន្ត KAMAZ “បំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ” ហើយបានបើករថយន្តឆ្លងកាត់ផ្លូវរថភ្លើង នៅពីមុខរថភ្លើងដែលជិតមកដល់ បើទោះបីជាមានសញ្ញាព្រមានក៏ដោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top