ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ សំដៅលើទីតាំង យោធាស៊ីរី នៅជិតតំបន់ Golan Heights

AFP

ដាម៉ាស់៖ ការផ្ទុះជាបន្តបន្ទាប់បានកក្រើកតំបន់មួយនៅជិតតំបន់ Golan Heights ដែលចាតំបន់កាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានកំណត់គោលដៅលើទីតាំងយោធាស៊ីរី ដោយគ្រាប់រ៉ុក្កែតនៅក្នុងតំបន់ Tel Al-Jabiya នៃខេត្ត Daraa ភាគខាងត្បូងប្រទេស។

ក្រុមអ្នកឃ្លាំមើលសង្គ្រាមបានឲ្យដឹងថា ផ្សែង​ហុយ​ចេញពី​កន្លែង​កើតហេតុ ហើយ​រថយន្ត​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើតហេតុ នេះ​បើ​តាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី។

ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍ថា ទីតាំងនោះជាកម្មសិទ្ធិរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ហើយការវាយប្រហារនេះ គឺជាផ្នែកមួយនៃការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើទឹកដីស៊ីរី។

យោងតាមក្រុមសង្កេតការណ៍ អ៊ីស្រាអែលបានបើកការវាយប្រហារចំនួន ៥៩ លើកលើទឹកដីស៊ីរីចាប់តាំងពីដើមឆ្នាំនេះ ដែលក្នុងនោះ ៤២ គឺជាការវាយប្រហារតាមអាកាស និង ១៧ លើកជាការវាយប្រហារបានកំណត់គោលដៅ និងបំផ្លាញទីតាំងចំនួន ១២២ រួមទាំងឃ្លាំងអាវុធ ទីបញ្ជាការយោធា និងរថយន្ត។

ក្រុមអ្នកសង្កេតការណ៍បានកត់ត្រាការស្លាប់របស់បុគ្គលិកយោធា ១៧៨ នាក់ និងរបួស ១០៣នាក់ផ្សេងទៀត ជាលទ្ធផលនៃការវាយប្រហារទាំងនេះ។ បន្ថែមពីលើនេះ ជនស៊ីវិល ១៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទាំងនេះ នេះបើយោងតាមក្រុមសង្កេតការណ៍៕
ប្រែសម្រួល ឈូក បូរ៉ា

To Top