ព័ត៌មានជាតិ

ហ៊ុន ម៉ាណែត៖ ៩ ខែវិច្ឆិកា ចូលរួមពិសា អំបុកខ្មែរ ថែជាតិ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តឯកវចនារាម (ហៅវត្តបេងបូរី) ស្ថិតនៅឃុំព្រៃពោន ស្រុកកំពង់ត្របែកខេត្តព្រៃវែង, ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានថ្លែងថា ៩ ខែវិច្ឆិកា ចូលរួមពិសាអំបុកខ្មែរ ថែជាតិ។

លោក ម៉ាណែត ថ្លែងថា អំណោយផលនៃសុខសន្តិភាពក្នុងរយៈកាលជាង ២០ឆ្នាំកន្លងមកនេះ ដែលសម្រេចបានក្រោមនយោបាយឈ្នះ-ឈ្នះ ហើយដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា កំពុងផ្តល់ឱ្យប្រជាជនកម្ពុជា នូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយសុភមង្គល សិទ្ធសេរីភាពគ្រប់បែបយ៉ាង និងភាពសប្បាយរីករាយ ជួបជុំក្រុមគ្រួសារ ញាតិមិត្ត មានឱកាសធ្វើបុណ្យធ្វើទាន និងកសាងសមិទ្ធិផលនានារួមគ្នា ដូចដែលកំពុងប្រារព្ធពិធីសម្ពោធនាពេលនេះ ដោយមានការចូលរួមផងដែរពីសំណាក់បងប្អូនខ្មែរ មកពីសហរដ្ឋអាមេរិក ជាការបញ្ជាក់បានថា “ជាជនជាតិខ្មែរ ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក ហើយបេះដូងទៅណាមិនឆ្ងាយ ពីស្រុកកំណើតនោះទេ”។

បុត្រា ច្បងសម្តេចតេជោ ថ្លែងថា ការកសាងសមិទ្ធផល ផ្នែកពុទ្ធចក្រ ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យព្រះពុទ្ធសាសនាឱ្យរីកចម្រើន ស្ថិតស្ថេរគង់វង្ស។ ព្រះពុទ្ធសាសនា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ សីលធម៌ គុណធម៌ ណែនាំឱ្យធ្វើបុណ្យ ចៀសវាងការប្រព្រឹត្តអំពើបាប ជាពិសេសសម្អាតចិត្តឱ្យបរិសុទ្ធ ដែលនាំមកនូវសន្តិភាពផ្លូវចិត្ត ចាកឆ្ងាយពីអំពើហឹង្សា។ កម្ពុជាជាប្រទេស មានសុខដុមនីយកម្មសាសនា ដែលគ្រប់សាសនិកទាំងអស់រស់នៅជាមួយគ្នា ប្រកបដោយសន្តិភាព។ គ្រប់សាសនាទាំងអស់ ទាំងព្រះពុទ្ធសាសនា គ្រិស្តសាសនា និងឥស្លាមសាសនាជាដើម តែងបង្រៀនមនុស្សឱ្យប្រព្រឹត្តល្អ។

លោក រំលឹកថា  ការបែកបាក់និរាសព្រាត់ប្រាស់ និងការវិនាសហិនហោចគ្រប់បែបយ៉ាង នឹងកើតមាន ប្រសិនបើសន្តិភាពត្រូវបានបំផ្លិចបំផ្លាញ។ សន្តិភាព គឺជាសមិទ្ធផលដែលត្រូវបានកសាងឡើងដោយការលំបាកបំផុត ប៉ុន្តែអាចនឹងត្រូវដុតបំផ្លាញដោយងាយស្រួល។ ខ្មែរទាំងអស់គ្នា ចង់រស់នៅសុខសាន្តបន្ត ទៅមុខទៀត ដូច្នេះ កុំបំផ្លាញអ្វីៗដែលមានស្រាប់ ត្រូវរួមគ្នាបន្តកសាងជាបន្តបន្ទាប់លើមូលដ្ឋានកំពុងមាននេះ ជាពិសេស ការកសាងឱកាសសម្រាប់អ្នកជំនាន់ក្រោយ ក្នុងនោះមានឱកាសសិក្សារៀនសូត្រ ដើម្បីឱ្យពួកគេក្លាយខ្លួនជាអ្នកដឹកនាំ នាពេលអនាគត អាចចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្រុកភូមិកំណើតរបស់ខ្លួន។

លោក ម៉ាណែត បញ្ជាក់ថា អ្វីដែលសំខាន់បំផុត ក្នុងពេលនេះសម្រាប់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ គឺការឆ្លើយតបទៅនឹងតម្រូវការ ជាមូលដ្ឋានរបស់ប្រជាជន គឺសន្តិសុខ សុវត្ថិភាព សេវាសុខាភិបាល ការអប់រំ ទឹក ភ្លើង និងផ្លូវធ្វើដំណើរក៏ដូចជាតម្រូវការថ្មីៗថែមទៀត ដែលចេះតែកើនឡើងរហូត ស្របតាមការវិវឌ្ឍនៃសង្គមជាតិ។ 

បើតាម លោក ម៉ាណែត៖ គ្មានការងារណា ដែលល្អឥតខ្ចោះនោះទេ ដូច្នេះមានតែការខិតខំប្រឹងប្រែងបន្ត ដោះស្រាយជាប្រចាំនូវរាល់ការខ្វះខាត និងបញ្ហាអវិជ្ជមាន ទើបធានាបាននូវប្រសិទ្ធភាព និងនិរន្តភាពនៃការអភិវឌ្ឍប្រទេស ដែលនេះគឺយុទ្ធសាស្ត្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី។

លោក បញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា និងបម្រើប្រជាជន នៅក្នុងគ្រប់កាលៈទេសៈ ដែលខុសពីអ្នកនយោបាយមួយចំនួន បានយកជោគវាសនាប្រទេសជាតិ និងអាយុជីវិតប្រជាជន ជាល្បែងក្នុងនយោបាយ បម្រើឱ្យមហិច្ឆិតា ល្មោភចង់បានអំណាចរបស់ខ្លួន ដោយមិនគិតពីការស្លាប់រស់របស់ប្រជាជន និងប្រទេសជាតិ។

លោក សូមថ្លែងអំណរគុណ ចំពោះលោកយាយលោកតា អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានចូលរួមចំណែកទាំងអស់គ្នាក្នុងការកសាងប្រទេសជាតិ និងមូលដ្ឋានភូមិឃុំ មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ជាពិសេសតាមរយៈការចូលរួមគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខជានិច្ច។ ការសម្រេចចិត្តនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ សម្រាប់សេចក្តីសុខខ្លួនឯង គ្រួសារ និងសង្គមជាតិ។

លោកក ម៉ាណែត រំលឹកថា ដូចគ្នានឹងវិនាសកម្មដែលកើតមានចំពោះកម្ពុជានៅក្នុងឆ្នាំ១៩៧០ ដែលនាំកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែរ។ កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ក៏ប្រឈមមុខផងដែរចំពោះហានិភ័យដ៏គ្រោះថ្នាក់ ដែលប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខជាតិ។ ដូច្នេះសូមលោកយាយ លោកតា អ៊ំពូងមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារឱ្យបានដាច់ខាត នូវសន្តិភាពដែលកំពុងមានសព្វថ្ងៃ ទោះក្នុងតម្លៃណាក៏ដោយ។ គ្រោះថ្នាក់នេះមិនអាចកើតមានបានឡើយ ប្រសិនបើប្រជាពលរដ្ឋយើងយល់ច្បាស់ពីតម្លៃនៃសន្តិភាព ហើយចូលរួមថែរក្សាការពារទាំងអស់គ្នា ដោយមិនចាញ់កលល្បិចញុះញង់បំបែកបំបាក់របស់អ្នកនយោបាយស្រេកឃ្លានអំណាចទាំងអស់នោះ។ នេះ គឺជាការដាស់តឿនរំលឹកស្មារតីសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រោះប្រសិនយើងមិនអាចការពារ សន្តិភាពបាន ដោយបណ្តោយឱ្យបាត់បង់ដោយសារការញុះញង់នេះ នោះអ្វីៗដែលបានខិតខំកសាងបានកន្លងមក ហើយដែលយើងកំពុងរីករាយទទួលផល នឹងបាត់បង់ទៅសូន្យសុង និងមានតែការឈឺចាប់ខ្លោចផ្សា មិនអាចមានឱកាសត្រលប់ក្រោយវិញបានឡើយ។

លោក ក្រើនរំលឹកថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ សូមលោកយាយ លោកតា អ៊ំពូងមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមពិសាអំបុកខ្មែរ ថែជាតិ៕

To Top