ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមាន ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម, អារ៉ាប៊ីសាអូឌីត និងប្រទេសកាតា មិនឱ្យជួយអ៊ីស្រាអែល វាយប្រហារសងសឹកមកលើខ្លួន

RT News

បរទេស៖ ទីក្រុងតេអេរ៉ង់បានព្រមានសម្ព័ន្ធមិត្តអាមេរិកមួយចំនួននៅមជ្ឈិមបូព៌ា រួមមាន ប្រទេស ហ្ស៊កដានី , អេមីរ៉ាតអារ៉ាប់រួម, អារ៉ាប៊ីសាអូឌីត និងប្រទេសកាតា មិនឱ្យជួយអ៊ីស្រាអែល ក្នុងការវាយប្រហារដ៏មានសក្តានុពលណាមួយលើអ៊ីរ៉ង់ ។ នេះបើយោងតាមមន្ត្រីអារ៉ាប់ដែលមិនបញ្ចេញឈ្មោះដែលត្រូវបានដកស្រង់ដោយកាសែត Wall Street Journal ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ការព្រមានដែលត្រូវបានគេរាយការណ៍ថា បានចេញតាមរយៈ “បណ្តាញការទូតសម្ងាត់” គឺជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អ៊ីស្រាអែលចំពោះការសងសឹកយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងប្រហែល ១៨០ គ្រាប់ទៅកាន់អ៊ីស្រាអែលកាលពីដើមខែនេះ។

មន្ត្រីអ៊ីស្រាអែលបាននិងកំពុងតស៊ូមតិសម្រាប់ការវាយប្រហារសងសឹកដ៏ខ្លាំងក្លាទៅលើរោងចក្រនុយក្លេអ៊ែរ និងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ទីក្រុងតេអេរ៉ង់វិញ ខណៈដែលសហរដ្ឋអាមេរិកកំពុងព្យាយាមរក្សាការឆ្លើយតបមានកម្រិត និងបញ្ជៀសសង្គ្រាមកាន់តែធំដែលអាចរាលដាលពាសពេញតំបន់។

ជម្លោះកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមរដ្ឋឈូងសមុទ្រពែក្ស ដែលសម្បូរថាមពលអំពីសុវត្ថិភាពនៃកន្លែងប្រេងផ្ទាល់ខ្លួនរបស់ពួកគេ។ យោងតាម WSJ ការដំឡើង និងកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ក៏អាចប្រឈមនឹងហានិភ័យផងដែរ ដោយសារតែការគណនាខុស ឬការកើនឡើងដែលអាចនាំឱ្យមានផលវិបាកដោយអចេតនា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top