ព័ត៌មានអន្តរជាតិ

ចិន ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីលើកកម្ពស់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដល់កម្រិតខ្ពស់

CCTV

វៀងច័ន្ទន៍ ៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានឲ្យដឹងថា ប្រទេសចិន នឹងគាំទ្រយ៉ាងមុតមាំចំពោះសមាហរណកម្មអាស៊ាន ការកសាងសហគមន៍ និងឯករាជ្យភាពជាយុទ្ធសាស្ត្រ ហើយត្រៀមខ្លួន ជាស្រេចក្នុងការធ្វើការ ជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយចិន-អាស៊ាន ឱ្យកាន់តែខ្ពស់ថែមទៀត ។

លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៧ ដោយបានកត់សម្គាល់ថា ជំហានថ្មីត្រូវបានធ្វើឡើងក្នុងឆ្នាំមុន ដើម្បីកសាងសហគមន៍ចិន-អាស៊ាន ជាមួយនឹងអនាគតរួមគ្នា ដែលបានផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃភាគីទាំងពីរ។

លោកបានលើកឡើងថា ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកនៅតែមានភាពយឺតយ៉ាវ ហើយបញ្ហាជាច្រើន ដូចជាតម្រូវការសរុប សកលមិនគ្រប់គ្រាន់កំពុង កាន់តែលេចធ្លោ ដោយលោកបានបន្ថែមថា ទីផ្សារបានក្លាយជាធនធានដ៏កម្របំផុតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបច្ចុប្បន្ន។

ដោយកត់សម្គាល់ថាប្រទេសចិន និងអាស៊ាន គឺជាទីផ្សារធំពីរ ដែលមានប្រជាជនជាង ១,៤ពាន់លាននាក់ និង ៦០០លាននាក់រៀងៗខ្លួន លោក លី បានលើកឡើងថា ធនធានទីផ្សារ គឺជាអត្ថប្រយោជន៍លេចធ្លោបំផុត សម្រាប់ប្រទេសចិន និងអាស៊ាន។ 

លោកបានបន្ថែមថា ទីផ្សារនៃប្រទេសចិន និងអាស៊ាន កំពុងធ្វើឱ្យប្រសើរឡើងយ៉ាងពេញលេញ បន្តពង្រីក និងបើកកាន់តែច្រើនឡើង ហើយការពង្រឹងការតភ្ជាប់ទីផ្សារ គឺជាទិសដៅដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា

To Top