ព័ត៌មានអន្តរជាតិ

ជប៉ុន ចង់ពង្រឹងទំនាក់ទំនង ជាមួយអាស៊ាន ឲ្យកាន់តែជិតស្និទ្ធ ខណៈព្រួយបារម្ភ ពីការកើនឡើង នូវឥទ្ធិពលរបស់ចិន

kyodo

តូក្យូ ៖ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន Shigeru Ishiba ក្នុងការបង្ហាញខ្លួនលើកដំបូងការទូតកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការខ្នះខ្នែង ក្នុងការពង្រឹងទំនាក់ទំនង កាន់តែជិតស្និទ្ធ ជាមួយសមាជិកអាស៊ាន ខណៈដែលសម្តែងការព្រួយបារម្ភ លើការអះអាង ដែនសមុទ្ររបស់ប្រទេសចិន ក្នុងអំឡុងពេលកិច្ចប្រជុំ នៅប្រទេសឡាវ ជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍ និងដៃគូក្នុងតំបន់របស់ពួកគេ ។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានបូកបី នៅទីក្រុងវៀងចន្ទន៍ ដែលចូលរួម ដោយប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង លោក Ishiba បានសម្តែងការប្រឆាំងទៅនឹង “ការប៉ុនប៉ងឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាព បច្ចុប្បន្នដោយកម្លាំងឬការបង្ខិតបង្ខំ” គ្រប់ទីកន្លែងក្នុងពិភពលោក ដោយលើកឡើងពីបរិយាកាស សន្តិសុខកាន់តែតានតឹងខ្លាំងឡើង” ។

លោកក៏បានបន្លឺសំឡេងរោទិ៍ផងដែរ ជុំវិញការវិវត្ត នៃសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដែលរំលោភលើដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដោយជំរុញឱ្យមាន “ការឆ្លើយតបដ៏រឹងមាំ” ពីសហគមន៍អន្តរជាតិ ដើម្បីនាំមកនូវការលុបបំបាត់ អាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ។

នៅក្នុងដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែង កាលពីជាងមួយសប្តាហ៍មុន លោក Ishiba មានឆន្ទៈក្នុងការបង្កើនទំនាក់ទំនងជាមួយសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាតំបន់ឈានមុខគេ ក្នុងការបង្កើនការប្រជែងគ្នា រវាងសហរដ្ឋអាមេរិក និងចិន ហើយធានានូវការបន្តគោលនយោបាយការទូតរបស់ប្រទេសជប៉ុន ក្រោមរដ្ឋាភិបាលថ្មីរបស់លោក។

ដោយទំនាក់ទំនង នៃការជឿទុកចិត្ត ដែលមានរយៈពេលជាងកន្លះសតវត្ស លោក Ishiba បានឲ្យដឹងនៅក្នុងកិច្ចប្រជុំអាស៊ាន-ជប៉ុន ដែលត្រូវបានធ្វើឡើង នៅថ្ងៃដដែលនោះថា “ប្រទេសជប៉ុនមានបំណងចង់បង្កើត និង ការពារអនាគតរួមគ្នាជាមួយអាស៊ាន ដែលចែករំលែកគោលការណ៍ដូចជា  សេរីភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយជាមជ្ឈមណ្ឌលរីកចម្រើន នៃពិភពលោក” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top