មូស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov ត្រូវបានបណ្តេញចេញពីតួនាទីរបស់ខ្លួន នេះបើយោងតាមក្រឹត្យមួយ ដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍។
លោក Antonov ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក ដោយប្រធានាធិបតីរុស្ស៊ី កាលពីខែសីហា ឆ្នាំ២០១៧ បានកាន់តំណែងនេះអស់រយៈពេល ៧ឆ្នាំ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹង ការជ្រើសរើសឯកអគ្គរដ្ឋទូតថ្មី នឹងមិនអាស្រ័យលើការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខនោះទេ ដោយបន្ថែមថា ឯកអគ្គរដ្ឋទូតថ្មី នឹងត្រូវបានតែងតាំងភ្លាមៗ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕
ប្រែសម្រួល ឈូក បូរ៉ា