ព័ត៌មានអន្តរជាតិ

អ៊ីតាលី ថ្កោលទោសអ៊ីស្រាអែល ចំពោះ​ការ​កំណត់គោលដៅ​លើ​កងទ័ព​អង្គការសហប្រជាជាតិ នៅ​លីបង់

afp

រ៉ូម៖ រ្ដឋាភិបាលអ៊ីតាលី បានធ្វើការតវ៉ាជាផ្លូវការជាមួយអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ចំពោះការកំណត់គោលដៅកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (UNIFIL) ដែលដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់ ដែលជាកន្លែងស្នាក់ការកណ្តាល UNIFIL និងមូលដ្ឋានអ៊ីតាលី ចំនួនពីរ។

រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានទាក់ទងសមភាគីអ៊ីស្រាអែល លោក Yoav Gallant ដើម្បីត្អូញត្អែរ ដោយកំណត់ព្រឹត្តិការណ៍នេះថា “មិនអាចទទួលយកបាន ចំពោះរដ្ឋាភិបាលអ៊ីតាលី”  ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​បាន​ឲ្យដឹហថា គ្មាន​ទាហាន​អ៊ីតាលី​ណា​ម្នាក់​ក្នុង​ចំណោម​ទាហាន​អ៊ីតាលី​ចំនួន ១,០៦៨ នាក់​ដែល​បាន​ដាក់​ពង្រាយ​ក្នុង​បេសកកម្ម​នោះ​បាន​រង​របួស​នោះ​ទេ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបាញ់ទៅលើទីតាំងរបស់ UNIFIL ដោយបានធ្វើឱ្យកងរក្សាសន្តិភាពពីរនាក់រងរបួសនៅឯទីស្នាក់ការបេសកកម្មនៅ Naqoura។

ទាហានអ៊ីស្រាអែល ក៏បានបាញ់សំដៅទៅកាន់ទីតាំងទីពីររបស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់ ដោយបានវាយលុកលេនដ្ឋាន ដែលជាកន្លែងដែលកងរក្សាសន្តិភាពកំពុងជ្រកកោន និងធ្វើឱ្យខូចប្រព័ន្ធទំនាក់ទំនងនៅទីនោះផងដែរ។

UNIFIL ប្រតិបត្តិការតាមបណ្តោយដែលគេហៅថា “Blu Line” សម្គាល់ការបំបែករវាងអ៊ីស្រាអែល និងលីបង់ ហើយបច្ចុប្បន្នរាប់បញ្ចូលកងកម្លាំងរក្សាសន្តិភាពប្រហែល 10,000 ចូលរួមដោយប្រទេសចំនួន ៣៨៕

ប្រែសម្រួល ឈូក បូរ៉ា

To Top