ព័ត៌មានអន្តរជាតិ

លោក Joe Biden ហៅអ្នកគាំទ្រ របស់លោក Donald Trump ថាជា សំរាម

RT News

បរទេស៖ ប្រធានាធិបតីអាមេរិក ដែលជិតផុតអាណត្តិ គឺលោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា អ្នកគាំទ្របេក្ខជន ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោក Donald Trump គឺជា “សំរាម”។ ក្រោយមកគាត់បានអះអាងថា លោកនិយាយខុស ហើយចង់ថ្កោលទោស ចំពោះវាគ្មិននៅឯការជួបជុំ Madison Square Garden នាពេលថ្មីៗ របស់លោក Trump វិញ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden បានធ្វើការអត្ថាធិប្បាយ ក្នុងកម្មវិធី Zoom ដែលរៀបចំដោយក្រុមតស៊ូមតិ និយាយភាសាអេស្ប៉ាញ Voto Latino ។ លោកបានចាប់ផ្តើម ដោយនាំយកតារាកំប្លែង Tony Hinchcliffe ដែលបានលេងសើច កាលពីថ្ងៃអាទិត្យ ដោយប្រៀបធៀបកោះ Puerto Rico ទៅនឹង “កោះអណ្តែតទឹក នៃសំរាមនៅកណ្តាលមហាសមុទ្រ” ។

លោក Biden បាននិយាយថា “កាលពីថ្ងៃមុននេះ វាគ្មិននៅឯការប្រមូលផ្តុំគ្នា របស់លោក Trump បានហៅ Puerto Ricoថា ជាកោះអណ្តែតទឹកនៃសំរាម” ប៉ុន្តែលោក Biden ថា ប្រជាជន Puerto Rico គឺជា “មនុស្សល្អ និងសមរម្យ” ដោយលោកបន្តថា “សំរាមតែមួយគត់ដែលខ្ញុំឃើញអណ្តែតនៅទីនោះ គឺអ្នកគាំទ្ររបស់គាត់ (លោក Trump) ។

ប្រធានាធិបតី Biden បានបន្តចោទប្រកាន់លោក Trump ពីការព្យាយាម “បែងចែកប្រទេសដោយផ្អែកលើពូជសាសន៍” ហើយបានទទូចថា បេក្ខជនប្រជាធិបតេយ្យ និង ជាអនុប្រធានាធិបតី គឺលោកស្រី Kamala Harris “នឹងក្លាយជាប្រធានាធិបតី សម្រាប់សហរដ្ឋអាមេរិកទាំងអស់” ។

ក្រោយមក Biden បានសរសេរនៅលើ X ដើម្បីបញ្ជាក់ឱ្យច្បាស់ថា លោកបាន “សំដៅលើវោហាសាស្ត្រ ដែលគួរឱ្យស្អប់ខ្ពើមអំពី Puerto Rico ដែលនិយាយដោយអ្នកគាំទ្រ Trump នៅឯការប្រមូលផ្តុំ Madison Square Garden របស់គាត់ថាជាសំរាម” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top