ព័ត៌មានជាតិ

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង ដោយឡែក លោក លោកស្រី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom Meeting)។

យោងតាមសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារដោយ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញអំពីលទ្ធផលសម្រេចបាននៅក្នុងខែវិច្ឆិកា និងវឌ្ឍនភាពជារួម ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០២៤ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបានវឌ្ឍនភាពក្នុងខែ ៩,៣៣% និង វឌ្ឍនភាពជារួមសម្រេចបាន ៩០,៦១% ធៀបនឹងផែនការប្រចាំឆ្នាំ, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានវឌ្ឍនភាពក្នុងខែ ៤,៧៩% និងវឌ្ឍនភាពជារួមសម្រេចបាន ៩០,៦៤% ធៀបនឹងផែនការប្រចាំឆ្នាំ,  ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបានវឌ្ឍនភាពក្នុងខែ ១៤,៦៦% និងវឌ្ឍនភាពជារួមសម្រេចបាន ៩៦,៦៥% ធៀបនឹងផែនការប្រចាំឆ្នាំ, និង ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានវឌ្ឍនភាពក្នុងខែ ៩,០៨% និងវឌ្ឍនភាពជារួមសម្រេចបាន ៩២,២៤% ធៀបនឹងផែនការប្រចាំឆ្នាំ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក លករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងនៅរាជធានី ខេត្ត ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ ត្រូវបន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដែលក្រសួងផ្ដល់ជូន ដើម្បីបង្កើតសមិទ្ធថ្មីៗបន្ថែមទៀត ក្នុងគោលដៅរួមចំណែក ជាមួយសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

To Top