ខេត្តកំពតៈ អគារសិក្សាថ្មី១ខ្នងនៃសាលាបឋមសិក្សាព្រៃទប់ ស្ថិតនៅឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការសប្បុរសធម៌ខ្វនថឹម(Quantum Charity) ត្រូវបានសម្ពោធបើកអោយសិស្សានុសិស្សប្រើប្រាស់ ជាផ្លូវការហើយ កាលពីថ្ងែទី២៤ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ក្រោមអធិបតីភាពរបស់លោក ខៀវ រិទ្ធភ័ណ អភិបាលរងខេត្ត ជាតំណាងរបស់លោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត និងមានការចូលរួមអបអរសាទរពីថ្នាក់ដឹកនាំឃុំ ស្រុក អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មាតាបិតាសិស្ស គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
កម្មវិធីសម្ពោធអគារសិក្សាថ្មីនេះ ជាការកត់សម្គាល់ នូវព្រឹត្តិការណ៍សំខាន់មួយទៀតរបស់អង្គការសប្បុរសធម៌ខ្វនថឹម ក្នុងការចូលរួមអភិវឌ្ឍន៍ការងារអប់រំនៅទីជនបទដាច់ស្រយាល។ តាមរយៈស្នាមញញឹម របស់អ្នកចូលរួមកម្មវិធី គ្រប់គ្នាបានសម្តែងអោយឃើញនូវក្តីសង្ឃឹមថា អគារសិក្សាថ្មីនេះ នឹងជំរុញទឹកចិត្តសិស្សានុសិស្សនៅក្នុងមូលដ្ឋានឱ្យខិតខំបន្តការសិក្សា ដើម្បីក្លាយជាធនធានមនុស្ស និងជាទំពាំងស្នងឬស្សីនាពេលអនាគត។
លោក អ៊ុង គង្គា តំណាងអង្គការសប្បុរសធម៌ខ្វនថឹម បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបរិច្ចាគថវិការ សាងសង់អគារសិក្សាថ្មី១ខ្នងនេះ ជូនសាលាបឋមសិក្សាព្រៃទប់ ដើម្បីបំពេញនូវសេចក្តីត្រូវការ របស់សិស្សានុសិស្សក្នុងមូលដ្ឋានជាង៣០០នាក់ ដែលកំពុងខ្វះខាតបន្ទប់រៀន។
លោកបានបន្តថា នេះជាអគារសិក្សាដំបូងគេ ដែលលោក និងថ្នាក់ដឹកនាំអង្គការចុះជាប់ដោយផ្ទាល់ចាប់ តាំង ពី ពេលបុកគ្រឹះ រហូតដល់សាងសង់សំរេចជាស្ថាពរ គឺយកចិត្តទុកដាក់ខ្លាំងលើបរិស្ថាន សោភណភាព និងគុណភាពសំណង់ ដែលបានបង្កប់ នូវក្តីស្រឡាញ់ និងតំលៃនៃការលះបង់ របស់សប្បុរសជន ដើម្បីអោយសិស្សានុសិស្សប្រើប្រាស់ បានយូរអង្វែងទៅមុខទៀត។
លោកថា ក្រៅពីនេះ អង្គការថែមទាំងបំពាក់តុ កៅអី កាបូបសិស្ស សម្ភារៈសិក្សា កុំព្យូទ័មួយចំនួន ជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រើប្រាស់ផងដែរ។
លោកសង្ឃឹមថា សិស្សានុសិស្សក្នុងមូលដ្ឋាននេះ នឹងស្រឡាញ់ ថែរក្សាអគារសិក្សាថ្មីនេះ ហើយខិតខំរៀនសូត្ររហូតទទួលបានជោគជ័យ និងក្លាយជាធនធានមនុស្ស មានប្រយោជន៍សម្រាប់សង្គម នាពេលអនាគត។
លោក ខៀវ រិទ្ធភណ អភិបាលរងខេត្ត ក្នុងនាមលោកអភិបាលខេត្តកំពត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសប្បុរសធម៌ខ្វនថឹម និងសប្បុរសជនទាំងអស់ ដែលបានរួមគ្នាសាងសង់ នូវអគាសិក្សាថ្មីមួយខ្នងនេះ ជូនសាលាបឋមសិក្សាព្រៃទប់ ដែលកំពុងខ្វះខាតអគាសិក្សាបំរើដល់ការសិក្សារៀនសូត្រ របស់សិស្សានុសិស្សនៅក្នុងមូលដ្ឋាន។
លោកគូសបញ្ជាក់ថា អគារសិក្សាថ្មីនេះ មិនត្រឹមតែធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបំរើអោយវិស័យអប់រំក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សានុសិស្សផងដែរ។
តាមរបាយការណ៍របស់អង្គការ អគារសិក្សាដែលសាងសង់ដោយអង្គការសប្បុរសធម៌ខ្វនថឹម នេះ មានបន្ទប់រៀនចំនួន៤បន្ទប់ ហើយថែមទាំងបំពាក់នូវសម្ភារៈសិក្សា សម្ភារៈអគ្គិសនី សម្រាប់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលមានតម្លៃសរុប 57,426 ដុល្លារអាមេរិក៕