ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានលើកឡើងថា វិស័យសុខាភិបាល នឹងទទួលបាន ជោគជ័យដរាបណា អ្នកដឹកនាំគ្រប់ឋានុក្រមក្នុងវិស័យនេះ មានលក្ខណៈសម្បត្តិជាមេដឹកនាំដែលរឹងមាំ លះបង់ ច្បាស់លាស់ និងដើរតួជាបង្អែកឱ្យបុគ្គលិកនិងក្រុមការងារ។
ការលើកឡើង របស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាស ចូលរួមសំណេះសំណាល ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នាថ្ងៃ២៦ វិច្ឆិកា។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំកែលម្អគុណភាពសេវា និងបានណែនាំមន្រ្តីសុខាភិបាល នៅតាមមណ្ឌលសុខភាព និង មន្ទីរពេទ្យតាមបណ្តារាជធានី-ខេត្ត ឱ្យពង្រឹងកិច្ចការងារ ប្រចាំថ្ងៃរបស់ខ្លួន និង ខិតខំបន្ថែមទៀត ជាពិសេសផ្តោតការ យកចិត្តទុកដាក់ មើលថែដោយប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ វិជ្ជាជីវៈដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ បណ្ណ័មូលនិធិសមធម៌ ឬ ប័ណ្ណសមាជិក ប.ស.ស. ព្រមទាំងបងប្អូនក្រុមគ្រួសារ សាច់ញាតិអ្នកជំងឺ ។
ជាកិច្ចបន្ត សាស្រ្តាចារ្យក៏បានអនុញ្ញាត ឱ្យមានបទបង្ហាញពីការ ដឹកនាំមន្ទីរសុខាភិបាល ដែលធ្វើឡើង ដោយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។ ក្រោយពីបទបង្ហាញ សាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានចូល រួមលើកយកចំណុច គន្លឹះមួយចំនួន មករំលេច បន្ថែមដូចជា (១)ការរៀបចំពេលវេលា ផ្តល់សេវានៅតាមគ្រឹះស្ថានសុខភាព (២)ការគ្រប់គ្រងសេវាឯកជន ឱ្យមានប្រសិទ្ធភាព និង (៣)ការលើកកម្ពស់ការតាំងចិត្ត និងភាពពេញចិត្ត របស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ក្នុងការងារដោះស្រាយបញ្ហា ដែលស្មុគ្រស្មាញនៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕