ខេត្តកណ្តាល ៖ ក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ស្រុកខ្សាច់កណ្តាល នៅថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២៤ លោក តាំង ម៉េងលាន អភិបាលរង ខេត្តកណ្ដាល មានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាការរួម ចំណែកគាំទ្រ ឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀតក្នុងការអនុវត្ត ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ តាមរយៈការរៀបចំ កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ក្រុមប្រឹក្សាឃុំ និងស្រប ទៅតាមសមត្ថភាព និងធនធានជាក់ស្តែង ចំពោះគម្រោងអាទិភាព នានាដែលគណៈកម្មាធិការកសាងផែនការ និងថវិកាឃុំ និងក្រុមការងារ កសាងផែនការស្រុក រៀបចំឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ ប្រជាជននៅតាមមូលដ្ឋាននីមួយៗ។
លោក តាំង ម៉េងលាន បានបន្តទៀតថា ក្នុងការអនុវត្តគោល នយោបាយវិមជ្ឈការ និង វិសហមជ្ឈការពិតជាបាន ជួបនូវឧបសគ្គនិងការលំបាកជា ច្រើនគិតតាំងពីថវិកា ធនធានមនុស្ស និងការទំនាក់ទំនងពត័មានជាដើម។ ការអភិវឌ្ឍន៍ឃុំ ស្រុក វាជាភារកិច្ច យ៉ាងសំខាន់ហើយជួបការលំបាកច្រើន ដែលត្រូវទាមទារពេលវេលា និងចាំបាច់បំផុត ត្រូវមានការចូលរួមពី គ្រប់មជ្ឈដ្ឋានទាំងអស់ ។
តាមរយៈលទ្ធផលខាងលើនេះ សបញ្ជាក់ថាយើងទាំងអស់គ្នា បានអនុវត្តគោល នយោបាយវិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការ អនុវត្ត យុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និងអាទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ។
នាឱកាសនេះដែរ លោកអភិបាលរងខេត្ត ក៏បានកើនរំលឹកថា កិច្ចការដែលឃុំត្រូវបំពេញមានច្រើន ហើយស្មុគ្រស្មាញនោះគឺ ការធ្វើឱ្យប្រសើរ ឡើងជាបណ្តើរៗ អំពីស្ថេរភាពជីវភាព រស់នៅ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាជនក្នុង មូលដ្ឋានពិសេស តាមរយៈការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាព។ ព្រមទាំងណែនាំដល់អាជ្ញាធរក្រុង សង្កាត់ មន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យមើល ប្រភពថវិការបស់មន្ទីរ អង្គភាព ដើម្បីធ្វើការគាំទ្រគម្រោងរបស់សង្កាត់ដែលជា តម្រូវការនិង សំណូមពររបស់ប្រជាជន ទន្ទឹមនេះត្រូវយកចិត្ដទុកដាក់ត្រួត ពិនិត្យលើលក្ខណៈបច្ចេកទេស របស់គម្រោងនីមួយៗ ផងដែរ ។ ចំពោះគម្រោងដែលគ្រប់សង្កាត់ បានស្នើឡើង ប្រសិនបើសិក្ខាសាលាថ្ងៃនេះមិនទាន់ ទទួលបានការគាំទ្រ ត្រូវបន្ដពិនិត្យពិភាក្សាគៀគរ រកធនធានសម្រាប់ អនុវត្តបន្ថែមទៀត ។
លោក ចេង ឌីណា អភិបាល ស្រុកខ្សាច់កណ្តាល បានបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ដើម្បីជាការឆ្លុះបញ្ចាំង នៃការលើកទឹកចិត្តដ៏ប្រសើរ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុក ក៏ដូចជារដ្ឋបាលឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ និងជាសញ្ញាវិជ្ជមានមួយ បង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់អង្គភាព ស្ថាប័ន ដើម្បីធានាថាកម្មវិធីវិនិយោគបី ឆ្នាំរំកិលឃុំ-ស្រុក ឆ្នាំ២០២៥-២០២៧ មានលក្ខណៈសមស្របអាចទទួលយកបាន ឆ្លើយតបនឹងតម្រូវ ការរបស់មូលដ្ឋាន ពិសេសប្រជាពលរដ្ឋ និងទទួលបាននូវការគាំទ្រ៕