ព័ត៌មានអន្តរជាតិ

សម្តេច ឃួន សុដារី ៖ ស្រ្តីតែងតែប្រឈមមុខ នឹងជម្លោះជាច្រើន ប៉ុន្តែពួកគាត់ ក៏ជាអ្នកដើរតួនាទីជំរុញ ការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាព

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា មានប្រសាសន៍ថា នៅពេលសកលលោកកំពុង ប្រឈមបញ្ហាកាន់តែមានភាពសាំញុំា និងស្មុគស្មាញឡើង ការចូលរួមរបស់ស្ត្រី ក្នុងដំណើរកសាងសន្តិភាព ជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ។

សម្តេច បានគូសបញ្ជាក់ថា ជារឿយៗ ស្ត្រីតែងប្រឈមមុខ នឹងជម្លោះជាច្រើនប៉ុន្តែពួកគាត់ ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែង នៅក្នុងសហគមន៍របស់ខ្លួន ។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា ដែលរៀបចំធ្វើនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេច ឃួន សុដារី បានមានប្រសាសន៍ថា ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។

សម្តេច បានគូសបញ្ជាក់ថា ស្ត្រីដើរតួយ៉ាងសំខាន់ ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពសង្គម និងលើកកម្ពស់ធម្មានុភាពនយោបាយ។ ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។

សម្ដេច បន្ដថា នៅពេលស្រ្តី មានតួនាទីកាន់តែសំខាន់នៅក្នុងសង្គមបែបនេះ សម្តេចប្រធានរដ្ឋសភាស្នើថា តាមរយៈអំណាចនីតិប្បញ្ញត្តិ សមាជិកសភាអាចប្រើប្រាស់ច្បាប់ថវិកាជាតិ គោលនយោបាយ និងកម្មវិធី ដែលដាក់បញ្ចូល នូវរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងអភិបាលកិច្ច និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរជាតិ។ ការតស៊ូមតិ ការជជែកដេញដោល និងការអនុម័តច្បាប់ ដែលគាំទ្រដល់ការអនុវត្តរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ជាកិច្ចការមួយដ៏សំខាន់ ដែលសមាជិកសភាត្រូវធ្វើ។

សូមជម្រាបថា សិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី ៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា មានការអញ្ជើញចូលរួម ពីសមាជិកសភាមកពី បណ្តាប្រទេសមួយចំនួន ក្នុងសហគមន៍អាស៊ាន និងដៃគូមួយចំនួន។ សិក្ខាសាលានេះប្រារព្ធធ្វើនៅក្នុង រយៈពេលពីរថ្ងៃគឺថ្ងៃទី២៨និង២៩ខែវិច្ឆិកា ឆ្នាំ២០២៤៕

To Top