ព័ត៌មានអន្តរជាតិ

បារាំងថា នឹងមិនចាប់ខ្លួននាយករដ្ឋមន្រ្តី អ៊ីស្រាអែល តាមដីការរបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ នោះទេ

RT News

បរទេស៖ ការចាប់ខ្លួននាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu នឹងមានការលំបាក ដោយសារតែលោក Netanyahu អាចមានអភ័យឯកសិទ្ធិ ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ នេះបើតាមរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានអះអាង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនមេដឹកនាំ អ៊ីស្រាអែលកាលពីសប្តាហ៍មុនដោយចោទ ប្រកាន់លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជុំវិញការឈ្លានពានតំបន់ហ្គាហ្សា។ ខណៈដែលប្រទេសមួយចំនួននៅអឺរ៉ុប បានប្រកាសជាសាធារណៈថា នឹងគោរពដីកានោះ ទីក្រុងប៉ារីសបានការពារទៅនឹងការខាតបង់របស់ខ្លួន។

លោក Barrot បានប្រាប់វិទ្យុ Franceinfo កាលពីថ្ងៃពុធថា ទីក្រុងប៉ារីស “នឹងអនុវត្តច្បាប់អន្តរជាតិដោយផ្អែកលើកាតព្វកិច្ចរបស់ខ្លួនក្នុងការសហការជាមួយ ICC” ។ លោកបានបន្ថែមថា លក្ខន្តិកៈ ទីក្រុងរ៉ូម ដែលបង្កើតតុលាការ “ដោះស្រាយជាមួយនឹងសំណួរនៃអភ័យឯកសិទ្ធិសម្រាប់មេដឹកនាំមួយចំនួន” ហើយបញ្ហាបែបនេះនៅ ទីបំផុតនៅជាមួយតុលាការ។

នៅព្រឹកថ្ងៃដដែល ក្រសួងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍ជាសញ្ញាថា ខណៈពេលដែលទីក្រុងប៉ារីសនឹងគោរពការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះ ICC នោះ អ៊ីស្រាអែលពិតជាមិនមែន ជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមនោះទេ។

ក្រសួងការបរទេសបារាំង បាននិយាយថា “ប្រទេសបារាំង នឹងគោរពកាតព្វកិច្ច អន្តរជាតិរបស់ខ្លួន ដោយយល់ថាលក្ខន្តិកៈទីក្រុងរ៉ូម តម្រូវឱ្យមានកិច្ច សហប្រតិបត្តិការពេញលេញ ជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)” ប៉ុន្តែ “មិនអាចតម្រូវឱ្យធ្វើសកម្មភាពក្នុងលក្ខណៈមិនស្រប នឹងកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ទាក់ទងនឹងអភ័យឯកសិទ្ធិ នៃរដ្ឋដែលមិនមែនជាភាគី នៃ ICC នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top