ព័ត៌មានជាតិ

សម្តេច​ ស​ ខេង​ សង្កេតឃេីញថា​ ពលរដ្ឋខ្មែរទេីបមកពីក្រៅប្រទេស​ សហការល្អជាមួយអាជ្ញាធរ​ ដេីម្បីពិនិត្យ សុខភាព

ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បានសង្កេតឃើញថា​ ប្រជាពលរដ្ឋខ្មែរ​ ទើបមកពីក្រៅប្រទេស​ សហការល្អជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាព​ និងចូលរួមបញ្ចៀសការឆ្លងជំងឺ​ កូវីដ-​១៩​ ជាយថាហេតុ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់​ សម្ដេច​ ស​ ខេង​ ។ 

ក្នុងជំនួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលមានការសង្ស័យ ពិសេស​ពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ហើយត្រូវបានដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃក្រោមការតាមដានសុខភាពពីក្រុមគ្រួពេទ្យ​ នៅខេត្តព្រៃវែង​ នាថ្ងៃ​ទី​៧​ ខែ​មេសា​ ឆ្នាំ​២០២០​ សម្ដេចក្រឡាហោម ស ខេង កោតសរសើរក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពពលរដ្ឋ។ 

សម្ដេច​ សម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះទាំងការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តវិធានណែនាំដោយក្រសួងសុខាភិបាល។

សម្តេច​ ស​ ខេង​ មានប្រសាសន៍ថា​ “រំភើបរីករាយបន្ទាប់ពីបានសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលទើបវិលមកពីក្រៅប្រទេស មានស្មារតីចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាពខ្លួនឯងផង និងចូលរួមបញ្ចៀសការឆ្លងជំងឺកូវីដ១៩ជាយថាហេតុណាមួយដល់ក្រុមគ្រួសារ សាញ់ញាតិ និងបងប្អូនក្នុងភូមិ”។ 

សម្ដេច​ បានចាត់ទុកការការចូលរួមសហការគ្នានេះថាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ការរាត្បាតជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោក៕

ដោយ​ អេង​ ប៊ូឆេង​

To Top