ភ្នំពេញ៖ ដើម្បីចូលរួមជាចំណែក ក្នុងការសម្រួលការលំបាក ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងត្រូវការ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងជម្រុញយុទ្ធនាការ ប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លោក ហ៊ុន ម៉ានី បាននាំយកអង្ករចំនួន ១០តោន និងមីចំនួន ២០០កេស បរិច្ចាគ ក្រោមគម្រោងសប្បុរស របស់មូលនិធិម៉ានី ប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយជាក់ស្តែង។
នារយៈការកន្លងមកនេះ សកម្មភាពសប្បុរសធម៌ជាច្រើនមិនថា ការចូលរួមបរិច្ចាគជាថរិកា ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ របស់សប្បុរជននានា ជាលក្ខណៈបុគ្គល និងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់ នូវទឹកចិត្តនៃការចេះជួយគ្នា ក្នុងគ្រាលំបាក និងស្មារតីរួមគ្នា ទាំងអស់គ្នា ដើម្បីឆ្លងផុតនូវឧបសគ្គ ដែលកំពុងជួបប្រទេះជាមួយគ្នា។
លើសពីនេះទៀតនេះ រាល់ការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល បានបង្ហាញពីការគិតគូរ និងការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងការបង្ការការពារ សុខមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។
គួររំលឹកផងដែរថា ទន្ទឹមនឹងការនាំយក គ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់សាលាក្រុង រាជធានីភ្នំពេញ មូលនិធិម៉ានី បានសម្របសម្រួលអ្នកស្ម័គ្រចិត្ត មកពីបណ្តាក្រុមយុវជន ចំនួន ១៦ ក្រុមផ្សេងៗគ្នា និងបានរួមសហការគ្នា រៀបចំជាកញ្ចប់បរិច្ចាគ ដែលក្នុងមួយកញ្ចប់មាន៖ អង្ករ (៥គីឡូ) ទឹកស៊ីអ៊ីវ (១ដប) សាប៊ូលាងដៃ (១ដុំ) និងភេសជ្ជៈ (២កំប៉ុង) ទៅប្រគល់ជូន ដល់សង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ ដើម្បីយកទៅបន្តចែកជូន ប្រជាពលរដ្ឋ ដោយក្នុងមួយសង្កាត់ នឹងទទួលបានចំនួន ១០០ កញ្ចប់។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ហ៊ុន ម៉ានី ដែលលោកនាពេលកន្លងមក ដូចជានៅពេលបច្ចុប្បន្ននេះ លោកតែងតែ ជួយឧបត្ថម្ភ មកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអោយរដ្ឋបាល រាជធានីភ្នំពេញ មានលទ្ធភាព ក្នុងការបន្តចែកជូន ទៅដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហា ក្នុងជីវភាពគ្រួសារ៕