ភ្នំពេញ៖ ឆ្លើយតបនឹងការទប់ស្កាត់ និងការបញ្ចៀសនូវការឆ្លងជំងឺ COVID-19 តាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល កិច្ចប្រជុំសាមញ្ញ លើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ ត្រូវបានរៀបចំឡើង ដោយកាត់បន្ថយសមាជិក សមាជិកា និងពេលវេលាមួយចំនួន ដើម្បីរក្សានូវគម្លាត ឲ្យឆ្ងាយពីគ្នា ។
លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា “ការទប់ស្កាត់ និងការបញ្ចៀស នូវការឆ្លងជំងឺ COVID-19 យើងទាំងអស់គ្នា ត្រូវតែរួមគ្នាធ្វើយ៉ាងណា ទប់ស្កាត់ និងបង្ការឱ្យបាន ទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល។ ជាក់ស្តែងក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សានេះដែរ យើងក៏បានកាត់បន្ថយ នូវចំនួនសមាជិក សមាជិកា ដែលចូលរួម ជាមួយនឹងការ កាត់បន្ថយពេលវេលា នៃកិច្ចប្រជុំនេះផងដែរ” ។
ក្នុងកិច្ចប្រជុំខាងលើនេះ ត្រូវបានលើកឡើង ពីបញ្ហាគ្រឿងញៀនផងដែរ ដោយប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរ មានសមត្ថកិច្ចធ្វើការបង្ការ ទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន ឲ្យមានប្រសិទ្ធភាព ខណៈដែរមកដល់ពេលនេះ មានអ្នកជាប់ពន្ធនាគារ ដោយសារគ្រឿងញៀន រហូតទៅដល់ ៣.០០០នាក់ ។
ក្នុងនោះ លោកប៉ា សុជាតិវង្ស បានជំរុញដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្ក្រាបបញ្ហាគ្រឿងញៀននេះ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលភ្នំពេញ បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាមួយដែលអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ការ ទប់ស្កាត់ នឹងការបង្រ្កាប លើបទល្មើសទាំងនេះ។
លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “អាស៊ានទាំង១០ ក៏មានបញ្ហាគ្រឿងញៀន ដូចប្រទេសកម្ពុជាយើងដែរ ហើយនៅលើពិភពលោក យើងនេះ ក៏មិនទាន់មានប្រទេសណាមួយ បានអនុវត្តនូវវិធានការ បង្ក្រាបគ្រឿងញៀន ឲ្យបានជោគជ័យ ១០០% នៅឡើយដែរ” ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់បន្ថែមទៀតថា “ក្រៅពីការបង្ក្រាបបញ្ហាគ្រឿងញៀន យើងក៏បានធ្វើការផ្សព្វផ្សាយ ពីផលប៉ះពាល់ទៅលើ បញ្ហាគ្រឿងញៀននេះផងដែរ ដោយយើងបានផ្សព្វផ្សាយ សារអប់រំតាមរយៈក្រសួងអប់រំ និងក្រសួងសុខាភិបាលជាដើម” ។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀនមិនទាន់បង្ក្រាបបាន ជោគជ័យ ១០០ភាគរយ នៅឡើយទេ ដោយសារតែអ្នករកស៊ីគ្រឿងញៀន មិនចំណាយដើមទុន តែចំណេញលុយ យ៉ាងច្រើន ។ បញ្ហានេះហើយ ដែលធ្វើឲ្យជនល្មើស មិនខ្លាចប្រឈមមុខនឹងច្បាប់ ប្រឈមមុខ នឹងការជាប់គុកច្រវាក់ ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បង្ហាញនូវមោទកភាពថា “ដោយពេលនេះ នៅតាមបណ្ដាសាលារៀនទាំងនោះ មិនមានការជួញដូរ គ្រឿងញៀនទៀតទេ ហើយយើងក៏បានបំផាត់ ក្រុមក្មេងទំនើង នៅតាមបណ្ដាសាលារៀននេះផងដែរ”៕ ដោយ៖ ដារាត់