ព័ត៌មានជាតិ

សម្ដេចតេជោ : យើងសុខចិត្តស៊ូទ្រាំ លំបាកបន្តិច ដើម្បីសេចក្តីសុខយូរអង្វែង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋទូទាំងប្រទេស សុខចិត្តស៊ូទ្រាំលំបាកបន្តិច ដើម្បីសេចក្តីសុខយូរអង្វែង និងធ្វើយ៉ាងណាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល សម្រេចដាក់បម្រាមហាមមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅកាន់ខេត្តមួយ និងលើកពេលថ្ងៃចូលឆ្នាំខ្មែរ ទៅពេលក្រោយ ដែលនឹងសងជូនថ្ងៃឈប់សម្រាក ៥ ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិ វិលត្រឡប់មកកាន់ស្ថានភាពធម្មតា វិញ ដោយ គ្មាន ជំងឺកូវីដ-១៩។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០ ថា “កូនក្មួយជឿលើពុកចុះ គ្រប់យ៉ាងគឺដើម្បីអាយុជីវិត និងការងារកូនៗទាំងអស់គ្នា។ យើងសុខចិត្តស៊ូទ្រាំលំបាកបន្តិច ដើម្បីសេចក្តីសុខយូរអង្វែង”។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩ បានជាសះស្បើយកើនឡើង ដល់៧៧នាក់ ហើយអ្នកកំពុងសម្រាកព្យាបាល ជំងឺកូវីដ-១៩ មាន៤៥នាក់ សរុបទាំងអស់ សរុប១២២នាក់៕

ដោយ ៖ អេង ប៊ូឆេង

To Top