បរទេស៖ ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននឹងដោះលែង ក្រុមអ្នកទោស២០អ្នកដំបូង ក្នុងគោលបំណងចាប់ផ្តើម កិច្ចពិភាក្សាសន្តិភាព អាហ្វហ្គានីស្ថាន រវាងពួកសកម្មប្រយុទ្ធ និងរដ្ឋាភិបាកក្នុងទីក្រុងកាប៊ុល។
មន្ត្រីនាំពាក្យពួកតាលីបង់ លោក Suhail Shaheen បានបង្ហោះសារលើបណ្ដាញសង្គមធ្វីតធ័រ នៅថ្ងៃអាទិត្យនេះថា នៅថ្ងៃនេះ អ្នកទោស២០នាក់ របស់រដ្ឋបាលទីក្រុងកាប៊ុល នឹងត្រូវដោះលែង ហើយពួកគេ នឹងត្រូវប្រគល់ទៅឲ្យ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ នៅក្នុងទីក្រុង Kandahar។
គួរបញ្ជាក់ថា ការដោះលែងអ្នកទោសនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាល របស់ប្រទេសអាហ្វហ្គានីស្ថាន បានដោះលែងអ្នកទោសតាលីបង់ ប្រហែល៣០០នាក់ ចាប់តាំងពីថ្ងៃពុធសប្ដាហ៍មុនមក នៅពេលដែលបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់អាហ្វហ្គានីស្ថាន៕ ប្រែសម្រួល៖ប៉ាង កុង