បរទេស៖ គ្រួសាររបស់នាងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីឈ្មោះរបស់នាង ត្រូវបានបញ្ចេញដោយយោធាថា ស្ត្រីអ្នកបើកបរឧទ្ធម្ភាគចក្រដែលបាន បុកជាមួយយន្តហោះដឹកអ្នកដំណើរ នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីសប្តាហ៍មុន គឺបានបម្រើការជាជំនួយការសង្គម របស់សេតវិមានក្នុងរដ្ឋបាល របស់អតីតប្រធានាធិបតី Joe Biden ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា មុននេះ កងទ័ពសហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណស្ត្រីខាងលើថា ជាប្រធានក្រុម Rebecca Lobach អាយុ ២៨ ឆ្នាំ។ ការប៉ះទង្គិចគ្នានៅកណ្តាលអាកាសដែលបាន កើតឡើងកាលពីថ្ងៃពុធសប្តាហ៍មុន បានឆក់យកជីវិតមនុស្ស ៦៧ នាក់។
Lobach បានបម្រើការជាជំនួយការសង្គម របស់សេតវិមានបន្ទាប់ពី “ស្ម័គ្រចិត្តគាំទ្រ” លោក Biden “ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សេតវិមានរាប់មិនអស់” រួមទាំងពិធីប្រគល់មេដាយមួយចំនួន, នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់គ្រួសារនាងដែលបានចេញផ្សាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីចុងសប្តាហ៍។
រូបថតរបស់ Lobach ដែលបានលេចចេញតាមអ៊ីនធឺណិត បានបង្ហាញពីនាងនៅក្នុងបន្ទប់ សន្និសីទរបស់សេតវិមាន និងក្នុងពិធីប្រគល់រង្វាន់។ គ្រួសាររបស់នាងដំបូងឡើយបានស្នើសុំ ឱ្យយោធាមិនបញ្ចេញឈ្មោះរបស់នាង ជាសាធារណៈបន្ទាប់ពីមានឧបទ្ទវហេតុធ្លាក់យន្តហោះ , នេះបើយោងតាម NPR សំណើរដែលហៅថា “មិនធម្មតា” ក្នុងករណីដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬការប្រយុទ្ធនឹងការស្លាប់។
កងទ័ពសហរដ្ឋអាមេរិកបាននិយាយថា Rebecca Lobach បានបម្រើការជាមន្ត្រីអាកាសចរណ៍តាំងពីឆ្នាំ ២០១៩ ហើយបានទទួលមេដាយជាច្រើន ក្នុងអំឡុងពេលនៃការបម្រើការងារ។ សារព័ត៌មាន CBS បានរាយការណ៍ថា នាងបានបញ្ចប់សញ្ញាបត្រផ្នែកជីវវិទ្យា នៅសាកលវិទ្យាល័យ North Carolina នៅ Chapel Hill ជានិស្សិតបញ្ចប់ការសិក្សាផ្នែកយោធា ដែលមានកិត្តិយសមុនពេល ចូលបម្រើការងារក្នុងជួរកងទ័ព ៕
ប្រែសម្រួលៈ ណៃ តុលា