ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការបារម្ភអំពីផលប៉ះពាល់សុខភាពបង្កមកពីស្ថានីយអង់តែនទូរស័ព្ទចល័ត។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការបារម្ភអំពីផលប៉ះពាល់សុខភាពបង្កមកពីស្ថានីយអង់តែនទូរស័ព្ទចល័ត ពីព្រោះតាមការសិក្សា របស់អង្គការសុខភាពពិភពលោក គឺពុំមានភស្តុតាងវិទ្យាសាស្ត្រណាដែលបង្ហាញថា ស្ថានីយអង់តែនទូរស័ព្ទចល័ត អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋទេ ហើយប្រសិនបើមានការប៉ះពាល់ដល់សុខភាពពិតមែន ប្រទេសទាំងអស់ ជាពិសេសប្រទេសអភិវឌ្ឍ មិនប្រើប្រាស់សេវាទូរស័ព្ទទៀតទេ»។
សម្ដេចបវរធិបតី បន្ដថា ទោះជាយ៉ាងណាក៏ដោយការគិតគូក្នុងការរៀបចំអង់តែនចល័ត ត្រូវគិតគូគ្រប់ជ្រុងជ្រោយ មិនខុសពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំធ្លាប់លឺថានៅកៀកពេកប្រើកើតកង់ស៊ែ អ្នកខ្លះថាប្រើទូរស័ព្ទនិយាយយូរកើតកង់ស៊ែ តាមការសិក្សាផ្សេងៗ ប៉ុន្តែជាទូទៅគឺសុវត្ថិភាព បានល្អហើយក្រសួងក៏បានធ្វើការតាមដាននូវការវិវឌ្ឍនេះ ធម្មតាស្អីក៏មានជាតិវិទ្យុសកម្មដែរ ថ្មធម្មជាតិក៏មានវិទ្យុសកម្មដែរ ស្អីក៏ដោយមានវិទ្យុសកម្មទាំងអស់ គ្រាន់តែតិចឬច្រើន ចេញពីប្រព័ន្ធទូរស័ព្ទប៉ុន្តែទោះជាយ៉ាងណាការគិតគូក្នុងការរៀបចំអង់តែនចល័តត្រូវគិតគូគ្រប់ជ្រុងជ្រោយ មិនខុសពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតទេ យើងគិតជាអេកូឡូជី វាចូលទៅក្នុងការរៀបចំទីក្រុងរបស់យើង កុំឱ្យចេះតែដាក់ម្ដុំទីនេះម្ដុំទីនោះ អាហ្នឹងយើងរៀបមាន Master Plan របស់យើងដើម្បីបាន»។
ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី ក៏បានណែនាំឱ្យយកចិត្តទុកដាក់ ជាពិសេសនៅទីប្រជុំជនមួយចំនួនប្រព័ន្ធសេវាកន្លែងខ្លះរាងខ្សោយ ហើយកន្លែងខ្លះចូលដល់ក្នុងបូរីដាចសេវា ដូច្នេះពិនិត្យមើលជាមួយក្រុមហ៊ុន ដើម្បីបង្កើនភាពជឿទុកចិត្ត របស់ប្រព័ន្ធអ៊ីនធឺណេត ឬទូរស័ព្ទ៕