Covid-19

នាយករដ្ឋមន្ត្រី អំពាវនាវពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ការពារសុខភាព ឧស្សាហ៍លាងដៃ កុំឲ្យឆ្លងកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលដ្ឋ ត្រូវយកចិត្តទុកដាក់ ការពារសុខភាពផ្ទាល់ខ្លួនកុំ ឲ្យឆ្លងរោគកូវីដ-១៩ ដោយពាក់ម៉ាស និងឧស្សាហ៍លាងដៃ ជាពិសេស ពេលជិះរថយន្ត ជាមួយអ្នកធ្វើដំណើរច្រើននាក់ជុំគ្នា ក្នុងរថយន្តឈ្នួលតែមួយ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០ ថា “សូមបងប្អូនប្រជាពលរដ្ឋ បើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុត ទាំងសុវត្ថិភាពចរាចរណ៍ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន “។

សម្ដេចតេជោបន្ដថា ដោយសារថ្ងៃនេះ អាចមានអ្នកធ្វើដំណើរច្រើន តាមដងផ្លូវ ដូច្នេះប្រជាពលរដ្ឋ ជាពិសេសអ្នកបើករថយន្តតាក់ស៊ី និងរថយន្តដឹកទំនិញធំៗ ត្រូវបើកបរ ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។

សម្ដេចតេជោ មានប្រសាសន៍ ថា “ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលដ្ឋនិង កូនក្មួយកម្មករកម្មការិនីយកចិត្តទុកដាក់ ចេះការពារសុខភាពផ្ទាល់ខ្លួន កុំអោយឆ្លងរោគកូវីដ-១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយទឹកអាល់កុល ឬជិលកម្ចាត់មេរោគ ជាពិសេសក្នុងពេលជិះរថយន្ត ជាមួយអ្នកធ្វើដំណើរច្រើននាក់ជុំគ្នា ក្នុងរថយន្តឈ្នួលតែមួយ”។

សម្ដេចតេជោអរគុណសាជាថ្មី ដល់បងប្អូនជនរួមជាតិ ដែលបានយោគយល់ ដល់កាដាក់បម្រាម មិនអោយធ្វើដំណើរ ឆ្លងកាត់ខេត្តបណ្តោះអាសន្ន រយៈពេលខ្លីកន្លងទៅនេះ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីឌ -១៩ នៅក្នុងប្រទេសជាតិយើង។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២០ នាយករដ្ឋមន្ត្រី កម្ពុជា ជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើង នៅតាមព្រំដែនមានសុខភាពល្អ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកថា គិតត្រឹម ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ កម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយកើនឡើង រហូតដល់៩៨នាក់ ហើយអ្នកកំពុងព្យាបាល ចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕
ដោយ៖ អេង ប៊ូឆេង

To Top