ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា សាលាជំនាន់ថ្មី មិនមានការបិទ ឬលុបឡើយ គឺនៅបន្តគាំទ្រ ហើយរដ្ឋជាអ្នកគ្រប់គ្រង គឺបញ្ឈប់តែមជ្ឈមណ្ឌលសិក្សាទំនើបមួយប៉ុណ្ណោះ។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ដល់ប្រជាពលរដ្ឋថា មជ្ឈមណ្ឌលសិក្សាទំនើប និងសាលាជំនាន់ថ្មី គឺមិនដូចគ្នាឡើយ។ ចៀសវាងការភាន់ច្រឡំ សម្តេចបវរធិបតី បានឱ្យដឹងថា ពុំមានការបិទសាលាជំនាន់ថ្មីនោះទេ គឺផ្អាកតែមជ្ឈមណ្ឌលសិក្សាទំនើបតែប៉ុណ្ណោះ ព្រោះពីរនេះ មិនដូចគ្នាឡើយ។
សម្តេចបវរធិបតី មានប្រសាសន៍ថា «គឺយើងអត់មានគម្រោងបិទសាលាជំនាន់ថ្មីទេ ប៉ុន្ដែយើងនឹងពិនិត្យលទ្ធភាព ដើម្បីពង្រីកបន្ថែមទៀតនេះសាលាជំនន់ថ្មី ព្រោះជាសាលាបង្កើនសមត្ថភាព លទ្ធភាព ជូនប្រជាពលរដ្ឋយើង។ អត់មានការលុប អត់មានការបិទសាលាជំនាន់ថ្មីទេ យើងនៅបន្ដគាំទ្រ សាលាជំនាន់ថ្មីនេះ គឺរដ្ឋជាអ្នកគ្រប់គ្រង»។
សម្តេចបវរធិបតី បន្ដថា ប៉ុន្ដែអ្វីដែរបញ្ឈប់នោះ ឪពុក-ម្ដាយ របស់សិស្សានុសិស្ស បញ្ឈប់បង់លុយទៅឱ្យសាលាជំនាន់ថ្មី គឺរដ្ឋជាអ្នករ៉ាប់រង។
ពាក់ព័ន្ធមជ្ឈមណ្ឌលសិក្សាទំនើបនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា មជ្ឈមណ្ឌលសិក្សាទំនើបនេះ ជាផ្នែកមួយរបស់វិស័យឯកជន ដែល សម្ដេច មិនអាចឱ្យអនុវត្តបែបនេះ បាននោះឡើយ។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «ហេតុអ្វីខ្ញុំ សម្រេច បញ្ឈប់មជ្ឈមណ្ឌលសិក្សាទំនើប គឺស្រដៀងសាលាជំនាន់ថ្មី មានរូបមន្ដ BOT របស់ក្រុមហ៊ុនឯកជន»។
សម្ដេច នាយករដ្ឋមន្ដ្រី ក៏ស្នើសុំការយោគយល់អាណាព្យាបាល ក៏ដូចជាលោកគ្រូ អ្នកគ្រ ដែលមានកូនរៀន និងបង្រៀននៅមជ្ឈមណ្ឌលសិក្សាទំនើប៕
