ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រី

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រី ដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណានោះទេ ពោលគឺជាការបន្តធ្វើវឌ្ឍនភាពប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យកាន់តែធន់ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ពីមូលហេតុជាច្រើន ដែលកម្ពុជា មានភាពចាំបាច់ក្នុងការបន្តការងារកែទម្រង់។

លោកឧបនាយករដ្ឋមន្ត្រី តែងតែលើកឡើងជារឿយៗថា ការកែទម្រង់រដ្ឋបាលសាធារណៈ ឬការវិភាគមុខងារជាដើម ត្រូវបានអនុវត្តជាប្រចាំមកហើយ។ អ្វីដែលរាជរដ្ឋាភិបាល ដោយមានក្រសួងមុខងារសាធារណៈជាសេនាធិការសម្របសម្រួល បាន និងកំពុងធ្វើនាពេលនេះ គឺជាការបន្តការងារនេះ ដោយគ្រាន់តែសម្រួចមុំនៃការអនុវត្តតែប៉ុណ្ណោះ។ បន្ថែមលើការរៀបរាប់ពីឱកាស និងគុណប្រយោជន៍ល្អៗដែលកម្ពុជានឹងអាចទទួលបានចេញពីការវិភាគមុខងារ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រីរាជការដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណាមួយនោះទេ»។

លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងបន្ថែមថា «មកដល់ពេលនេះ ការវិភាគមុខងារ បានបង្ហាញឱ្យឃើញចំណុចមួយចំនួន ដែលអាចឱ្យយើងរកវិធីសាស្ត្រដោះស្រាយ តាមរយៈការសហការពិគ្រោះយោបល់ជាមួយគ្នា។ ផ្អែកទៅលើមូលដ្ឋាននេះ មិនមានចំណុចខុសឆ្គងទេ ប៉ុន្តែយើងមានចំណុចដែលអាចកែឱ្យប្រសើរឡើង ដើម្បីអ្នកជំនាន់ក្រោយមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្លាំង ខ្ពស់ វៃឆ្លាត ស្អាតស្អំ សម្រាប់បម្រើប្រជាជន»។

សូមរំលឹកថា ក្រៅពីការសហការគ្នារវាងមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ននីមួយៗ ជាមួយក្រសួងមុខងារសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់ឱកាសឱ្យមានការរៀបចំសិក្ខាសាលា ហើយចូលរួមដោយផ្ទាល់ ដើម្បីចែករំលែក និងធ្វើវឌ្ឍនភាពនៃព័ត៌មានជុំវិញការងារវិភាគមុខងារ ព្រមទាំងផ្តល់ជាវេទិកា ដើម្បីជម្រះមន្ទិល និងស្វែងរកធាតុចូលនានា ក្នុងស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»៕

To Top