ព័ត៌មានជាតិ

សម្តេចធិបតី៖ សេដ្ឋកិច្ចកម្ពុជា បានកសាងកំណើនសេដ្ឋកិច្ចខ្ពស់​ ច្រើនទសវត្សរ៍ក្នុងអត្រា ៧% មុនជំងឺរាតត្បាត និងកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ ក្នុងអត្រាជាមធ្យម ៧% មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ២០២៥ ។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥​ ក្រោមប្រធានបទ “ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម” ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា ក្នុងនាមជារដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ ១៩៩៩មក កម្ពុជា​ គឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំង ។

សម្តេចធិបតី បានបញ្ជាក់ថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ ក្នុងអត្រាជាមធ្យម ៧% មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ ដើម្បីត្រលប់ទៅរកសម្ទុះកំណើននេះវិញ ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ ២០២៥ និងបន្តសម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ ៧% ក្នុងរយៈពេលមធ្យម” ។

សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ការសម្រេចបានសមិទ្ធផលដ៏រឹងមាំនេះ គឺដោយសារគោលនយោបាយបើកចំហរបស់កម្ពុជា ចំពោះពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍វិនិយោគជាយុទ្ធសាស្រ្ត, ជាមួយនឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច, លទ្ធភាពចូលទៅកាន់ទីផ្សារធំទូលាយ, និងក្របខ័ណ្ឌគតិយុត្ត ដែលកាន់តែប្រសើរឡើង ។

បន្ថែមលើនេះ សម្តេចធិបតី បានឱ្យដឹងថា វិនិយោគិន ទាំងបរទេស និងក្នុងស្រុក បាននិងកំពុងទទួលបានផលប្រយោជន៍​ ពីបរិយាកាសអំណោយផលដល់ប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព ដែលការណ៍នេះជួយកាត់បន្ថយហានិភ័យ បានជាអតិបរមា និងធានាបាននូវនិរន្តភាពនៃធុរកិច្ច៕

To Top