ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ចង់ឃើញសិប្បកម្មកែច្នៃកសិផលខ្មែរ និងត្រីសាច់ក្នុងស្រុក មានឧត្តមភាពខ្ពស់អាចផ្គត់ផ្គង់ លើទីផ្សារប្រកបដោយនិរន្តភាព

សៀមរាប៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍បង្ហាញការគាំទ្រ នឹងចង់ឃើញស្នាដៃសិប្បកម្មកែច្នៃ ក្នុងស្រុកមានអភិវឌ្ឍន៍យ៉ាងលឿន ជាមួយនិងការកែច្នៃកសិផលខ្មែរ និងត្រីសាច់មានផលិតភាពខ្ពស់ អាចផ្គត់ផ្គង់លើទីផ្សារប្រកបដោយនិរន្តភាព។

មានប្រសាសន៍បែបនេះគឺ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតនិងសហការី បានអញ្ជើញចុះពិនិត្យមើលផ្ទាល់ ផលិតកម្មចំនួន២កន្លែង ក្នុងក្រុងសៀមរាប គឺទី១ សិប្បកម្ម HT FOOD ដែលមានបង្កើតផ្សារកសិករ និងទី២ សហ គ្រាសកែច្នៃត្រី សំណាងសុធា ស្ថិតនៅសង្កាត់សៀមរាប ក្រុមសៀមរាប ខេត្តសៀមរាប។

បន្ទាប់ពីបានអញ្ជើញពិនិត្យមើល ទីតាំងផលិតកម្មកែច្នៃត្រី ការចែកចាយកសិផល សាច់ និងផ្សារកសិករសៀមរាបលក់ផលិតផលខ្មែរ ដែលផលិតដោយកសិកររួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែង កែច្នៃផលិតបានហើយអាចរកទីផ្សារ ដោយខ្លួនឯងបានថែមទៀតនោះ គួរតែរកវិធីសាស្ត្របន្ថែម ដើម្បីពង្រីកផលិតកម្មឲ្យដំណើរការជាប់ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ និងចែកចាយកុំឲ្យដាច់លើទីផ្សារ។

សម្រាប់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មវិញ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ ដល់បងប្អូនជាម្ចាស់សិប្បកម្ម និងប្រជាពលរដ្ឋទូទៅ ក្នុងករណីដែលបងប្អូនចង់បានទុនបន្ថែមទៀត យកទៅពង្រីកក្នុងសង្វាក់ផលិតកម្មនោះ គឺអាចទាក់ទងមកធនាគារ ARDB ដែលមានការផ្តល់ជូនក្នុងអត្រាការប្រាក់ សមរម្យនិងមានអនុគ្រោះផងដែរ ៕

To Top