ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធានាចំពោះមុខប្រជាពលរដ្ឋថា រាជរដ្ឋាភិបាល មិនឲ្យប្រជាពលរដ្ឋណាម្នាក់ រស់ដោយគ្មានស្បៀងអាហារឡើយ ដោយហេតុថា ក្រុមការងារថ្នាក់ជាតិ តែងតែចុះជួយប្រជាពលរដ្ឋ គ្រប់ពេលវេលា។
ក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការខ្វះខាត នៅឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ លោក ខៀវ សុភ័គ មាន ប្រសាសន៍ ថា “ប្រមុខ រាជរដ្ឋាភិបាល សម្ដេច តេជោ ហ៊ុន សែន មិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែខ្វះអាហារឡើយ ពីព្រោះប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសជាតិទាំងមូល”។
លោក បន្ត ថា “ខ្ញុំសូមធានាជាមួយក្រុមការងារទាំងអស់ថា មិនឲ្យបងប្អូនយើងដាច់ស្បៀង ជាដាច់ខាត ចឹងហើយបានយើងខ្ញុំទាំងអស់គ្នានេះ ចូលរួមចែកអំណោយនាពេលនេះ ឲ្យទាន់ពេលវេលា ដើម្បីចែកជូនបងប្អូន ប្រជាពលរដ្ឋរបស់យើង”។
លោកបានបន្ថែមថា ក្រុមការងារថ្នាក់ជាតិ បានខិតខំប្រឹងប្រែងណាស់ ដើម្បីចូលរួមដោះស្រាយបញ្ហានានាជាមួយ ប្រជាពលរដ្ឋ ហើយក្រុមការងារក៏សន្យាថា នឹងបន្ដដោះស្រាយបញ្ហានានាបន្ថែម ទៀតជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់រស់នៅយ៉ាងសុខស្រួល។
ឆ្លៀតឱកាស នោះ ដែរ រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ក៏បាន អំពាវនាវឲ្យពលរដ្ឋរក្សាអនាម័យ និងរក្សាសុខភាពឲ្យបានល្អ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ អេង ប៊ូឆេង