ភ្នំពញ៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីអភិបាលខេត្តឧត្តរមានជ័យថា យោធភូមិភាគ២ នៃកងទ័ពថៃ និងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យបិទច្រកនេះខាងកម្ពុជា ជាអចិន្ត្រៃយ៍វិញដែរ ថែមទាំងបិទច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃ២២មិថុនាតទៅ ថែមមួយទៀតដែលជាការឆ្លេីយតប។
នៅលេីបណ្តាញសង្គមនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានរំលឹកថា ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការ បិទច្រកព្រំដែន និងកែប្រែពេលវេលា នៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរ ជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ ដល់ការធ្វើដំណើរឆ្លងកាត់ របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។
ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា កម្ពុជា មិនដែលមានបំណងចង់បង្កការលំបាក ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃ នៅបន្តប្រើវិធីបែបនេះ ដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជា កំដរបានគ្រប់ពេលវេលា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា ជារឿងចម្លែកមួយ ដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឱ្យមានការចរចា បើកច្រកព្រំដែនឱ្យមានភាពប្រក្រតីភាពឡើងវិញ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃ នៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញ ជាឯកតោភាគីទៅវិញ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី យល់ថាមិនដឹងជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រ នៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃ និងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុង និងគោលការណ៍ណាមួយ ច្បាស់លាស់សោះ។ ដោយសម្តេចកត់សម្គាល់ថា ម្នាក់សុំចរចាទ្វេភាគី ដើម្បីបើកច្រកឱ្យប្រក្រតីឡើងវិញ រីឯម្នាក់ទៀត បន្តបិទបើកជាឯកតោភាគី។
សម្តេចធិបតី គូសបញ្ជាក់ថា ចំពោះកម្ពុជា គឺមានការឯកភាពពីថ្នាក់ដឹកនាំប្រទេស រហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះ ដោយម៉ឺងម៉ាត់។
ដោយឡែកចំពោះការបើកច្រកព្រំដែន រវាងកម្ពុជានិងថៃ សម្តេចធិបតី បញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជា នៅតែប្រកាន់ជំហរដដែលគឺ មិនមានការចាំបាច់ ក្នុងការចរចាទ្វេភាគីរឿងបើកច្រកព្រំដែន រវាងប្រទេសទាំងពីរនោះទេ។
បន្ថែមលេីនេះ សម្តេចធិបតី ថ្លែងថា បើភាគីថៃពិតជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ គឺអាចធ្វើបានយ៉ាងងាយស្រួល និងលឿនបំផុត។ កងទ័ពថៃដែលជាអ្នកចាប់ផ្ដើមបិទច្រកជាឯកតោភាគី ត្រូវធ្វើការបើកច្រកឡើងវិញជាឯកតោភាគី ឱ្យដូចស្ថានភាពមុនថ្ងៃទី៧ មិថុនាឆ្នាំ២០២៥ គឺជាការស្រេច។ កម្ពុជា នឹងបើកឡើងវិញដែរ យ៉ាងយូរប្រាំម៉ោងក្រោយ។ នេះគឺជាដំណោះស្រាយ យ៉ាងសាមញ្ញបំផុត ដោយមិនចាំបាច់ ចំណាយពេលចរចា នាំតែខាតពេលវេលា។ ត្រូវការតែជំហរនៃការចង់បាន ដោយពិតប្រាកដមួយរបស់ភាគីថៃតែប៉ុណ្ណោះ៕
