ភ្នំពេញ ៖ មុននឹងបញ្ចប់អាណត្តិការទូត នៅកម្ពុជាអស់រយៈពេល៤ឆ្នាំ លោក Park Jong-Wookបានបង្ហាញក្តីសង្ឃឹមថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ដែលមានការ ចុះហត្ថលេខាព្រមព្រៀង ជាមួយគ្នារវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការកសាងនោះ នឹងបើកការដ្ឋានសាងសង នៅដើមឆ្នាំក្រោយ ពោលនៅឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង លោក Park Jong-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃ១៥ កក្កដាថា ឯកអគ្គរដ្ឋទូត បានរំលេចពីការកម្ចីសម្បទានមួយចំនួន របស់កូរ៉េខាងត្បូង បានផ្តល់សម្រាប់កម្ពុជា ក្នុងការចូលរួមចំណែក ជួយអភិវឌ្ឍន៍កម្ពុជា ឲ្យមានការរីកចម្រើន លូតលាស់បន្ថែមទៀត ដូចជាកម្ចីសម្បទានក្នុង ការកសាងផ្លូវ និងធ្វើស្ពានជាដើម ។ ក្នុងនោះ លោកទូតបានសង្កត់ធ្ងន់ លើការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។

បើតាមអ្នកនាំពាក្យគឺថា “ឯកឧត្តមសង្ឃឹមថា ស្ពានមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងនឹងបើកការដ្ឋានក្នុងពេលឆាប់ៗខាងមុខ ជាពិសេសនៅក្នុងដើមឆ្នាំ២០២៦ ឆ្នាំក្រោយ”។

សូមបញ្ជាក់ថា គម្រោង សាងសង់ស្ពាន មិត្តភាពកម្ពុជា-កូរ៉េ កំពុងស្ថិតក្នុង ដំណាក់កាលសិក្សាលម្អិត ជាគម្រោងទទួល បានហិរញ្ញប្បទាន របស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានទីតាំងស្ថិតនៅផ្សារ រាត្រី-ជ្រោយចង្វារ-អរិយក្សត្រ (ភ្នំពេញ-ក្រុងអរិយក្សត្រ ខេត្តកណ្ដាល) ។ ជាប្រភេទស្ពានខ្សែកាប សសរមេមានទម្រង់ ជាដៃប្រណម (សំពះ) មានចំនួន២ ឆ្លងទន្លេសាបប្រវែង ១ ០៧០ម៉ែត្រ និងទន្លេមេគង្គប្រវែង ១ ២៦២ម៉ែត្រ មានទទឹងស្ពាន ២៦,៥ម៉ែត្រនិងផ្លូវតភ្ជាប់ប្រវែង១១៧៤.៩ម៉ែត្រ នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារ ៕

