ព័ត៌មានជាតិ

សម្តេចធិបតី៖ កុមារកម្ពុជា នៅជួបបញ្ហាប្រឈមមួយចំនួន ទាមទារឱ្យរួមគ្នាដោះស្រាយ ឱ្យបានទាន់ពេលវេលា និងចំគោលដៅ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងថា​ កុមារកម្ពុជា នៅជួបបញ្ហាប្រឈមមួយចំនួន​ ដែលទាមទារឱ្យស្ថាប័នគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជនសហគមន៍ ព្រមទាំងអាណាព្យាបាល រួមគ្នាដោះស្រាយ ឱ្យបានទាន់ពេលវេលា និងចំគោលដៅ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក របស់អង្កការមូលនិធិកុមារកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល សម្តេចធិបតី បានគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេន របស់ប្រទេសជាតិ ដូចជាពាក្យស្លោកកុមារ​ ជាទំពាំងស្នងឬស្សី និងកុមារជាសរសរទ្រូង សម្រាប់ប្រទេសជាតិ ។

ជាមួយគ្នានេះ សម្តេចធិបតី បានរំលឹកថា រាជរដ្ឋាភិបាល ធ្លាប់បានផ្តល់សច្ចាប័នអន្តរជាតិ ជាច្រើនជាអាទិ៍៖ ទី១ អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២, ទី២ អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមា សម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩, ទី៣ ពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារ ក្នុងជម្លោះប្រដាប់អាវុធ, ទី៤ ពិធីសារស្តីពីការជួញដូរកុមារ និងការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាស កុមារនៅឆ្នាំ២០០២, ទី៥ អនុសញ្ញាលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់ សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ នៅឆ្នាំ២០០៥ និងទី៦ អនុញ្ញាទីក្រុងឡាអេ ស្តីអំពីការការពារកុមារ និងសហប្រតិបត្តិការ ទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧ជាដើម ។

សមត្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “កុមារកម្ពុជា ក៏នៅជួបបញ្ហាប្រឈមមួយចំនួន ដូចជាអំពើហិង្សាកុមារ ការកេងប្រវ័ញ្ច និងការជួញដូរកុមារ ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន កុមារបំលាស់ទី កុមាររងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា កុមារកង្វះអាហារូបត្ថម្ភជាដើម។​ ការណ៍នេះទាមទារឱ្យស្ថាប័នគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជនសហគមន៍ ព្រមទាំងអាណាព្យាបាល រួមគ្នាដោះស្រាយ ឱ្យបានទាន់ពេលវេលា និងចំគោលដៅ” ។

នៅក្នុងន័យនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគិតិយុត្តិជាច្រើន ដើម្បីគាំពារ និងលើកកម្ពស់សុខភាពកុមារកម្ពុជា ជាក់ស្តែងរាជរដ្ឋាភិបាល បានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឆ្នាំ២០០៩ និងបានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ក្នុងឆ្នាំ២០២០ និងថ្មីៗនេះ បានដាក់ចេញផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងការឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ។ នៅក្នុងនោះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បាននិងកំពុងដើរតួនាទីជាយន្តការ សម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើការងារទាក់ទង និងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខមាព និងការចូលរួមចំណែករបស់កុមារ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ ជាមួយចក្ខុវិស័យធានា​ ឱ្យកុមារគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិស្មើគ្នា ដូចមានចែងនៅក្នុងអនុសញ្ញា ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម មានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍ និងសិទ្ធិចូលរួម និងគោលបំណងពង្រឹងការអនុវត្ត ប្រព័ន្ធកិច្ចការពារកុមារ​ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡាគ្នា ពីគ្រប់ភាគីពាក់ព័ន្ធសំដៅឆ្លើយតប​ ទៅនឹងកិច្ចការពារកុមារ ពីការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារផងដែរ៕

To Top