ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី១២ ដែលត្រៀមប្រឡងបាក់ឌុប

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម កម្មវិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ស្ថិតនៅ វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។

នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាល លោក ប៉ែន ប៊ុណ្ណា នាយកវិទ្យាល័យខ្សាច់កណ្តាល នាយករង ប្រធាន និងអនុប្រធានការិ.អប់រំ យុវជន និងកីឡា លោកគ្រូ-អ្នកគ្រូ ដែលមានសរុបចំនួន៤៤៧នាក់។

នៅក្នុងឱកាសនេះ បណ្ឌិត កៅ ថាច បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុក មុខកំពូល និងស្រុកពញាឮ ដែលតែងយកចិត្តទុក្ខដាក់ជានិច្ច ចំពោះក្មួយៗជាសិស្សានុសិស្ស នៅក្នុងស្រុកខ្សាច់កណ្តាល។

លោកបណ្ឌិតបានរំលឹកថា ឆ្នាំសិក្សាកន្លងទៅ ដោយមានការជំរុញលើកទឹកចិត្ត និងការឧបត្ថម្ភគាំទ្រទាំងស្មារតី និង ថវិកាពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ឱ្យមានការបង្រៀនបំប៉នបន្ថែមម៉ោង បានធ្វើឱ្យអត្រាសិស្សប្រឡងជាប់ខ្ពស់រហូតដល់ ៩០,៦៨% ស្មើនឹង ៦៣៣ នាក់ និងជាប់និទ្ទេស A សរុប ១៥ នាក់ ក្នុងនោះវិទ្យាល័យហ៊ុន សែន រ៉ូតា ៧ នាក់ និងវិទ្យាល័យហ៊ុន សែន ខ្សាច់កណ្តាល ៨ នាក់ ហើយសម្រាប់ការប្រឡងឆ្នាំនេះ សង្ឃឹមថា ក្មួយៗនឹងប្រឡងជាប់និទ្ទេស A ច្រើនជាងឆ្នាំមុន។

ទាក់ទងនឹងសភាពការណ៍កើតឡើងថ្មីៗនៅតំបន់ព្រំដែនកម្ពុជា-ថៃ វិញ លោកបណ្ឌិតបានមានប្រសាសន៍ទៀតថា លោកគ្រូអ្នកគ្រូ និងក្មួយៗទាំងអស់ បានដឹងរួចហើយ អំពី “សង្គ្រាមឈ្លានពានពី សំណាក់ប្រទេសថៃ មកលើបូរណភាពទឹកដីកម្ពុជារយៈពេល៥ថ្ងៃ ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ គីមូលហេតុដោយសារកងទ័ពថៃ បានបាញ់ប្រហារមក លើវីរកងទ័ពកម្ពុជាយើងមុន នៅប្រាសាទតាមាន់ធំ ហើយបានរាលដាល ដល់ប្រាសាទតា ក្របី តំបន់ប្រាសាទព្រះវិហារ និងតំបន់ដទៃទៀត ។

ស្ថិតក្នុងកាលៈទេសៈនេះ ប្រជាជនយើងគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស នៅសមរភូមិក្រោយ គឺមានការសាមគ្គីភាពយ៉ាងរឹងមាំ ដោយបានចូល រួមគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ជួយដល់បងប្អូនវីរកងទ័ពយើងនៅសមរភូមិមុខ និង ប្រជាជនភៀសសឹកយ៉ាងផុសផុល ហើយយើងទាំងអស់គ្នា ត្រូវបន្តនូវស្មារតីសាមគ្គីភាពដូចនេះជាដរាប និងត្រូវជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លើសពីនេះលោកបណ្ឌិតបានមានប្រសាសន៍ថា  រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ បានកំណត់នូវអាទិភាពគន្លឹះ ៥ គឺ÷“(១)មនុស្ស(២)ផ្លូវ(៣)ទឹក(៤)ភ្លើង និង(៥)បច្ចេក-វិទ្យា” ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្តេជ្ញាអនុវត្តន៍ចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ទាប់ពីសំណេះសំណាលជាមួយនឹងសិស្សានុសិស្សរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តាំផ្ញើដល់ក្មួយៗ និងប្អូនៗដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ពេលខាងមុខឲ្យបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយត្រូវដាក់គោលដៅឲ្យបានច្បាស់លាស់ដូចជាសិក្សាផ្នែកវិទ្យាសាស្ត្រពិតឲ្យបានច្រើន ដើម្បីក្លាយជាមូលធនមនុស្ស ចូលរួមចំណែកក្នុងការកសាងជាតិជាមួយនឹងរាជរដ្ឋាភិបាលទៅថ្ងៃអនាគតផងដែរ ៕

To Top