ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងសមិទ្ធផលក្នុងរយៈ២ឆ្នាំ ក្នុងនីតិកាលទី៧នៃរដ្ឋសភា

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងសមិទ្ធផលក្នុងរយៈ ២ឆ្នាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។

ជាកិច្ចចាប់ផ្ដើម លោក ជ្រាយ ប៉ុម អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស បានអានសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៥ ដែលក្រសួងបានអនុវត្តផែនការសកម្មភាពតាមកម្មវិធីទាំង៥ បន្ទាប់មក លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញស្ដីពីសមិទ្ធផលវិស័យអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ២ឆ្នាំ របស់ក្រសួង ដោយបានបង្ហាញឱ្យឃើញនូវការរីកចម្រើន និងសមិទ្ធផលជាច្រើនគួរជាទីមោទនៈ សម្រាប់ការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសម្រេចបានតាមផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

បន្ទាប់ពីការអានរបាយការណ៍ និងបទបង្ហាញរួចមក លោករដ្ឋមន្ត្រី ជាមួយនឹងការថ្លែងអបអរសាទរ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងថ្នាក់ដឹកនាំដែលបានខិតខំសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈភាព ក្នុងរយៈពេល ២ឆ្នាំកន្លងមក សម្រាប់បម្រើជូនប្រជាជន ជាពិសេសនៅតាមតំបន់ជនបទ ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដែលជាការតម្រង់ទិសការងារជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យបន្ដយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការសកម្មភាព តាមកម្មដែលបានដាក់ចេញឱ្យសម្រេចបាន សមិទ្ធផលកាន់តែច្រើនបន្ថែមទៀត ដោយអនុលោមតាម អភិក្រមពង្រឹង ៧០% និងពង្រីក ៣០% ។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ បន្ដជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ដជឿទុកចិត្ត ផ្ដល់កម្លាំងចិត្ត និងគាំទ្រដល់វីរកងទ័ពកម្ពុជានៅជួរមុខ ព្រមទាំងបន្ដរក្សាសាមគ្គីភាពនៃសមរភូមិក្រោយ ដែលជាខ្នងបង្អែកយ៉ាងរឹងមាំសម្រាប់សមរភូមិមុខ ដែលកំពុងឈរជើងការពារទឹកដី យកឈ្នះខ្មាំងសត្រូវឈ្លានពាន នៅគ្រប់សមរភូមិ ៕

To Top