ព័ត៌មានជាតិ

សម្តេចតេជោ ពេញចិត្ត ចំពោះម្ចាស់ជ័យលាភី ណូបែលផ្នែករូបវិទ្យា ចង់បណ្តុះបណ្តាលរូបវិទ្យា ដល់យុវជនខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះលោកសាស្ត្រាចារ្យបណ្ឌិត Novoselov ម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា ដែលបានសម្លឹងឃើញពីសមត្ថភាព របស់យុវជនកម្ពុជា ដែលចង់បណ្តុះបណ្តាលផ្នែករូបវិទ្យាដល់ពួកគាត់ ។

បើតាមលោក ជា ធីរិទ្ធ បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្ដេចតេជោ ហ៊ុន សែន និងលោកសាស្ត្រាចារ្យបណ្ឌិត Novoselov អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា និងប្រតិភូ នាថ្ងៃ៩ កញ្ញា ថា ការលើកឡើងរបស់សម្តេចដោយសារអំឡុង ពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកបណ្ឌិតបានឃើញពីសក្តានុពល នៃយុវជនកម្ពុជាដែលមានសមត្ថភាព ។ ការណ៍សម្លឹងមើលឃើញពីសក្តានុពល របស់យុវជនកម្ពុជានេះ លោកនិងសហការី នឹងស្វែងរកយុវជននិងនិស្សិតខ្មែរមានសមត្ថភាពផ្នែកវិទ្យាសាស្រ្ត រូបវិទ្យា និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលពួកគាត់បន្ថែមទៀត ឲ្យក្លាយជាធនធានមនុស្ស ដ៏ខ្លាំងពូកែផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា ជាពិសេសរូបវិទ្យាតែម្តង។ ជាមួយគ្នានេះ លោកបណ្ឌិតក៏មានគម្រោង រៀបចំជាមន្ទីរពិសោធន៍ផងដែរ ដើម្បីផ្តល់ឱកាសឲ្យយុវជនកម្ពុជា មានសមត្ថភាពពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្ត ដែលលោកសាស្ត្រាចារ្យម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា បានសម្លឹងឃើញឱកាសក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានផែនការ ក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ដែលមានសមត្ថភាព ឲ្យមានការយល់ដឹងស៊ីជម្រៅ ក្នុងផ្នែកបច្ចេកវិទ្យា ។

អ្នកនាំពាក្យគូសបញ្ជាក់ថា “សម្តេចតេជោបានលើកឡើងទៀតថា យុវជនកម្ពុជា គឺមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ គួរឲ្យកត់សម្គាល់ ដែលពួកគេបានខិតខំប្រឹងប្រែង និងអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់ ហើយតាមរយៈគម្រោង របស់លោកសាស្ត្រាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជានេះ ក្តីសង្ឃឹមបន្ថែមទៀតក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ឲ្យកាន់តែមានភាពរីកចម្រើន” ។

សម្តេចតេជោ បានប្រាប់លោកសាស្ត្រាចារ្យថា ធ្វើកិច្ចការងារនេះ សូមសហការជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឲ្យយុវជនកម្ពុជា កាន់តែមានសមត្ថភាព នៅក្នុងផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រនេះ កាន់តែច្រើន ៕

To Top