សម្តេចធិបតី៖ គ្មានការបញ្ជាឱ្យកងទ័ពជួរមុខ នៅសមរភូមិដកថយទេ ក្រោយពីចរចាបទឈប់បាញ់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានធ្វើការបកស្រាយដោយខ្លីថា គ្មានការបញ្ជាឱ្យកងទ័ពជួរមុខ នៅសមរភូមិដកថយទេ ក្រោយពីចរចាបទឈប់បាញ់ ពាក់ព័ន្ធបញ្ហាព្រំដែន ។
តាមរយៈបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកយកចម្ងល់៤ចំណុច មកបកស្រាយជូនសាធារណៈជន ក្រោយពីសម្តេច មើលឃើញថា មួយរយៈនេះមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គម លើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួន ដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះ យកទៅធ្វើអាជីវកម្ម ដើម្បីកេងចំណេញនយោបាយផង។
ក្នុងនោះសម្តេចធិបតី បានធ្វើការបកស្រាយ ចម្ងល់ទី២ថា តើរាជរដ្ឋាភិបាល បានបញ្ជារអោយកងទ័ពជួរមុខ នៅសមរភូមិដកថយទេ ក្រោយពីចរចារបទឈប់បាញ់? ដោយសម្តេចធិបតី បញ្ជាក់ថា «ចម្លើយខ្លី គឺគ្មានទេ»។
រាជរដ្ឋាភិបាល មិនមានដាក់បទបញ្ជាអោយដកថយកម្លាំង ក្រោយពីមានបទឈប់បាញ់នោះទេ ។ ហើយក្នុងកិច្ចចរចារបទឈប់បាញ់ ក៏គ្មានដាក់លក្ខខណអោយកងទ័ពភាគីណា ដកថយពីទីតាំងឈរជើង របស់ខ្លួននោះដែរទេ៕
