ក្រុមហ៊ុនបារាំង៣០ មកដល់កម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗ

ភ្នំពេញ ៖ តំណាងក្រុមហ៊ុនបារាំងធំៗប្រមាណជា៣០ បានអញ្ជើញមកដល់ប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីឱកាសវិនិយោគថ្មីៗ ក៏ដូចជាពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ។ នេះបើយោងតាមផេកស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃ១២ កញ្ញា ។

គណៈប្រតិភូដឹកនាំដោយលោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកស្រី Sidos-Vicat ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មនៅបរទេស(CCEF) និងជាសហប្រធានគណៈកម្មាធិការអឺរុប និងសហព័ន្ធនិយោជកបារាំងអន្តរជាតិ(MEDEF) និងលោក ហ្វ្រងស៊័រ ក័របាំង អនុប្រធានសហព័ន្ធនិយោជកបារំាង អន្តរជាតិ និងជាតំណាងពិសេសរបស់លោករដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង សម្រាប់ទំនាក់ទំនង សេដ្ឋកិច្ចជាមួយអាស៊ាន។

គណៈប្រតិភូត្រូវបានទទួលស្វាគមន៍ដោយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្យានានានៅក្នុងវិស័យសំខាន់ៗ ដែលក្រុមហ៊ុនបារាំងមានចំណេះ និងជំនាញ ។
ចំពោះការទទួលទានអាហារ ថ្ងៃត្រង់មួយ ក៏ត្រូវបានរៀបចំឡើងផងដែរ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនកម្ពុជាធំៗ ដើម្បីស្វែងយល់ពីលទ្ធភាព នៃការបង្កើតភាពជាដៃគូ ៕
