អភិបាលរដ្ឋ Utah នៅអាមេរិក ប្រកាសពីការកាត់ទោសប្រហារជីវិត ចំពោះខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់សកម្មជនអភិរក្សនិយម គឺលោក Charlie Kirk

បរទេស៖ អភិបាលរដ្ឋ Utah លោក Spencer Cox បានប្រកាសថា រដ្ឋរបស់លោកនឹងស្វែងរក ការកាត់ទោសប្រហារជីវិត ចំពោះខ្មាន់កាំភ្លើងដែលទទួលខុសត្រូវ ចំពោះការសម្លាប់សកម្មជនអភិរក្សនិយម គឺលោក Charlie Kirk ។ ចំណែក FBI បានប្រកាសផ្តល់រង្វាន់ចំនួន 100,000 ដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការកំណត់អត្តសញ្ញាណ និងការចាប់ខ្លួនឃាតក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ទោះបីជាមានការតាមប្រមាញ់របស់សហព័ន្ធដ៏ធំក៏ដោយ ក៏ជនសង្ស័យនៅតែស្ថិតក្នុងការចាប់ខ្លួន ក្នុងរយៈពេលច្រើនជាង ៣០ ម៉ោងបន្ទាប់ពីការបាញ់ប្រហារ។ អាជ្ញាធរបានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេមិនដឹងថាតើខ្មាន់កាំភ្លើងបានចាកចេញពីរដ្ឋឬអត់នោះទេ។ ស្នងការសុវត្ថិភាពសាធារណៈរដ្ឋ Utah លោក Beau Mason បានប្រាប់ NBC News ថា “យើងមិនដឹងនោះទេ” ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Cox បានបញ្ជាក់ថា មន្ត្រីរដ្ឋនឹង “អនុវត្តទោសប្រហារជីវិត” នៅពេលដែលជនសង្ស័យត្រូវបានចាប់ខ្លួន។
លោក Cox បាននិយាយថា “យើងបានធ្វើការជាមួយមេធាវីរបស់យើង ដោយទទួលបានអ្វីគ្រប់យ៉ាងដែលយើងត្រូវការ ឯកសារបញ្ជាក់រួចរាល់ ដូច្នេះយើងអាចបន្តការកាត់ទោសប្រហារជីវិតក្នុងករណីនេះ។ហើយវានឹងកើតឡើងនៅទីនេះក្នុងរដ្ឋ Utah” ៕
ប្រែសម្រួលៈ ណៃ តុលា
