អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិកថា ប្រធានាធិបតី Donald Trump មិនអាចពឹងផ្អែកទាំងស្រុងតែទៅលើ CIA មួយមុខនោះទេ

បរទេស៖ សេតវិមានត្រូវការមជ្ឈមណ្ឌលប្រតិបត្តិការរបស់ខ្លួន ដើម្បីផ្តល់ឱ្យប្រធានាធិបតី Donald Trump នូវព័ត៌មានសម្ងាត់ដែលអាចទុកចិត្តបាន ដែលប្រតិបត្តិការស្របទៅនឹងមន្ទីរបញ្ចកោណ និង CIA , នេះបើយោងតាមអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃសៅរ៍ ឧត្តមសេនីយចូលនិវត្តន៍រូបនេះបានអះអាងថា ប្រធានាធិបតីមិនអាចជឿទុកចិត្តទាំងស្រុងលើសហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA បានទេ ដើម្បីចៀសវាងការក្លែងបន្លំរបាយការណ៍របស់ខ្លួន ។
លោកបាននិយាយថា “CIA មានមជ្ឈមណ្ឌលប្រតិបត្តិការដ៏រឹងមាំមួយ។ អ្នកអាចឃើញ និងធ្វើអ្វីដែលអ្នកចង់បានពីទីនោះ – ប្រាកដណាស់ជាសកល” ។ “ហើយអ្នកអាចយល់ពីអ្វីដែលកំពុងកើតឡើង ប្រសិនបើអ្នកមាន CIA ដែលពិតជាធ្វើការជំនួសអ្នក។”
លោកបានបន្ថែមថា “អ្វីដែលលោកប្រធានាធិបតី Trump ទាមទារគឺមជ្ឈមណ្ឌលប្រតិបត្តិការដែលធ្វើការជំនួសគាត់ និងឆ្លើយតបទៅនឹងរាល់រឿងដែលកើតឡើងនៅជុំវិញពិភពលោក” ។
សំណើរបស់ Flynn ក៏ទទួលបានការគាំទ្រដោយលោក Kirill Dmitriev ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលចូលរួមក្នុងកិច្ចពិភាក្សាធម្មតាជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក Dmitriev បានសរសេរនៅលើ X ថា គំនិតផ្តួចផ្តើមបែបនេះនឹងមានតម្លៃ “នៅពេលដែលព័ត៌មានមិនពិតពីភ្នាក់ងារសម្ងាត់រដ្ឋនិងអ្នកនិយមសាកលនិយមព្យាយាមបង្អាក់ការសម្រេចចិត្តដែលសំខាន់ចំពោះសន្តិសុខ និងវិបុលភាពពិភពលោក”៕
ប្រែប្រួលៈ ណៃ តុលា
