រដ្ឋមន្ត្រីក្រសួងសាធារណការ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញបើកការដា្ឋន សាងសង់កំពង់ផែ ទេសចរណ៍ដែកបណ្ដែតទឹក ក្នុងកំពង់ចាម

កំពង់ចាម ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានអញ្ជើញ បើកការដា្ឋនសាងសង់កំពង់ផែទេសចរណ៍ ដែកបណ្ដែតទឹក ក្នុងកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា សមិទ្ធផលថ្មីនេះនឹងជួយជាសក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ និងឱកាសនៃការវិនិយោគឱ្យកាន់តែច្រើនថែមទៀតសម្រាប់ខេត្តកំពង់ចាម។ ជាមួយគ្នានេះ កំពង់ផែនេះនឹងបន្តជួយលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចខេត្តកំពង់ចាម និងសេដ្ឋកិច្ចជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់ទេសចរណ៍ តភ្ជាប់ខេត្តកំពង់ចាម និងបណ្តាខេត្ត តាមបណ្ដោយដង ទន្លេមេគង្គ ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ឱ្យអស់លទ្ធភាពសំដៅ ផ្តល់ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានមានប្រសាសន៍ថា កំពង់ផែទេសចរណ៍ដែកបណ្ដែតទឹក ក្នុងក្រុងកំពង់ចាម នេះ ជាកំពង់ផែទី ២ បន្ទាប់ពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ។ កំពង់ផែថ្មីនេះ គឺអាចទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកាន់ខេត្តកំពង់ចាម តាមផ្លូវទឹកឲ្យបានកាន់តែច្រើនថែមទៀត ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងផងដែរថា ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ ដ៏សំបូរបែប ដោយក្នុងនោះ មានទេសចរណ៍វប្បធម៌ ទេសចរណ៍ប្រវត្តិសាស្ត្រ ទេសចរណ៍ធម្មជាតិ កសិទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍កែច្នៃ ។ ដោយគិតត្រឹមឆ្នាំ ២០២៥ នេះ ខេត្តកំពង់ចាមមានរមណីយដ្ឋានចំនួន ១១កន្លែង ដោយក្នុងនោះ ទេសចរណ៍ធម្មជាតិ និងទេសចរណ៍សហគមន៍ មាន ៥ កន្លែង រមណីយដ្ឋានទេសចរណ៍វប្បធម៌ ទេសចរណ៍ប្រវត្តិសាស្រ្តមាន ៤កន្លែង និងមានរមណីយដ្ឋានទេសចរណ៍កែច្នៃចំនួន ២ កន្លែងផងដែរ ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ផងដែរថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ នាពេលនេះ គឺជាការបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញដល់ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត ស្របតាមបរិបទ នៃការរីកចម្រើន របស់ប្រទេសកម្ពុជាយើង នៃពេលបច្ចុប្បន្ន និងជីវភាពរុងរឿងរបស់ប្រជាជន រួមជាមួយកំណើនសក្តានុពលទេសចរណ៍ នៅក្នុងខេត្តកំពង់ចាមផងដែរ។ ដែលទាំងនេះគឺជាកត្តាជំរុញ ឱ្យរាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ចាម បានរួមគ្នាសិក្សារៀបចំការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ក្នុងក្រុងកំពង់ចាមនេះ ឲ្យកើតមានឡើង ៕




អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
